25 C
Phnom Penh

ភាគ​៣៖ តើ​អ្នក​ចូល​ជា​សមាជិក​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក នឹង​ជួប​ឧបសគ្គ​បែប​ណា?

បទវិភាគ

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​ក្តាប់​អំណាច។

មាន​អ្នក​សង្កេតការណ៍​សួរ​ថា តើ​គេ​មាន​បំណង​អ្វី គេ​បង្កើត​បណ្ដាញ​នៅ​បរទេស​របៀប​ណា ហើយ​អ្នក​ណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ?

ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា បាន​ផ្តើម​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ពី​តំបន់​ខាងកើត​ទៅ​ខាងលិច ពី​ខាងជើង​ទៅ​ខាងត្បូង ចាប់ពី​ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង។ សកម្មភាព​បាន​បន្ត​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​ជាង ៦​ឆ្នាំ​ហើយ។

តាម​ការ​ពិនិត្យ​តាមដាន និង​តាម​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍ អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ដើរ​តាម​មាគ៌ា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​យៀកណាម ដើម្បី​បណ្ដុះ និង​ពង្រឹង​កម្លាំង​យុវជន​គ្រប់​ទីកន្លែង​ដើម្បី​ស្នង​កេរ សម្បាច់​មនោគមន៍វិជ្ជា​ផ្ដាច់មុខ មិន​ឲ្យ​មាន​ក្រុម​បក្ខពួក​ណា​មាន​គំនិត​ទស្សនវិស័យ ចក្ខុវិស័យ​ខុស​ពី​ខ្លួន ចូល​មក​ដណ្តើម​យក​អំណាច​កាន់​ជំនួស​គេ​បាន​ជាដាច់ខាត។

តាម​មនោគមន៍វិជ្ជា​បង្រៀន​តាម​សាលា​កុម្មុយនីស្ត​និយម និង​សង្គម​និយម គេ​មាន​សម្មាទិដ្ឋិ ឬ​សេចក្តី​យល់​ឃើញ​ត្រូវ​ថា មនុស្ស​ចាស់ៗ​ជំនាន់​មុន​មិន​យូរ​ប៉ុន្មាន​ក៏​លា​ចាកលោក​នេះ​អស់​ទៅ​ហើយ ដូច្នេះ​យុវជន​នេះ​ហើយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ជា​សសរទ្រូង​ទ្រទ្រង់​បក្ស​របស់​គេ​ទៅ​អនាគត។

គេ​មាន​សម្មាទិដ្ឋិ​ទៀត​ថា មនុស្ស​ជំនាន់​ក្រោយ ឬ​យុវជន​ប្រុស​ស្រី​ជំនាន់​ក្រោយ មិនសូវ​ដឹង​រឿងរ៉ាវ​ពិត​ក្នុង​អតីតកាល​ប៉ុន្មាន​ដូច​មនុស្ស​ជំនាន់​មុន ពីព្រោះ​គេ​មិន​បង្រៀន​ពង្សាវតារ​ពិត​ក្នុង​សាលា ហើយ​ម្យ៉ាង​ទៀត ឪពុក​ម្តាយ​អ្នក​ខ្លះ​ក៏​បាន​ធ្វើ​មរណកាល។ យុវជន​រៀនសូត្រ​ប្រវត្តិសាស្ត្រ​បែប​ថ្មី​ដែល​អ្នក​ឈ្នះ​សរសេរ​តម្រូវ​តាម​ទ្រឹស្ដី​នយោបាយ​របស់​គេ។

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អគ្គមគ្គុទ្ទេសក៍ ហើយ​ដែល​យក​ផ្លាក​រាជាធិបតេយ្យ​ជា​ត្រីមុខ កំពុងតែ​ព្យាយាម​ធ្វើការ​ពិសោធន៍ ស្ទាបស្ទង់ វាស់វែង ថ្លឹងថ្លែង​ឲ្យ​ដឹង​អំពី​ទឹកចិត្ត​ខ្មែរ​តាម​សហគមន៍​ឯ​បរទេស ថា​តើ​មាន​ចំនួន​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​នេះ​ប៉ុន្មាន​ភាគរយ មិន​គាំទ្រ​ប៉ុន្មាន​ភាគរយ។

បើ​ចំនួន​អ្នក​គាំទ្រ​មាន​ល្មម​សមរម្យ ស្មើ ឬ​លើស​ពី​ចំនួន​អ្នក​ប្រឆាំង រដ្ឋ​អំណាច​នៃ​បក្ស​ប្រជាជន​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​បាន​គ្រប់​លំដាប់​ថ្នាក់ គ្រប់​សម័យកាល ព្រោះថា​បច្ចុប្បន្ន​នេះ រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​មិនទាន់​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​សញ្ជាតិ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​ទេ លើកលែងតែ​អ្នក​កាន់​សញ្ជាតិ ឬ​អត្តសញ្ញាណប័ណ្ណ​ពីរ គឺ​ខ្មែរ​មួយ បរទេស​មួយ។

សាខា​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ឯ​នាយ​សមុទ្រ​អង់គ្លេស ហៅថា CPP Overseas Youth Wing ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រោយ​ការតែងតាំង និង​ដាក់​ទិសដៅ​ពី​ឪពុក​របស់​ខ្លួន​នា​ឆ្នាំ​២០២០ កំពុង​អនុវត្ត​គម្រោង​ប្រមូល​អ្នក​គាំទ្រ​យុវវ័យ​ខ្មែរ​អាមេរិកាំង​តាម​តំបន់​ឲ្យ​ចូល​គាំទ្រ​បក្ស ដោយ​សន្យា​ផ្តល់​លាភសក្ការៈ​ផ្សេងៗ​ដែល​យុវជន​គិត​ថា​មិន​ងាយ ឬ​មិន​អាច​រក​បាន​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។

គេ​រៀបចំ​ជា​អង្គការ​ចាត់តាំង ហៅថា​ក្រុម​ការងារ​យុវជន​បក្ស​ឯនាយ​សមុទ្រ ឬ​ហៅ​តាម​អង់គ្លេស​ថា Overseas Youth Working Group។ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ បក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោក សាយ ឈុំ ជា​អនុប្រធាន​បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ចំនួន ២៣​នាក់​ថែម​ទៀត ដើម្បី​ជួយ​កិច្ចការ​លោក ហ៊ុន ម៉ាណែត។ យើង​នឹង​រាយ​ឈ្មោះ​ជូន​ជ្រាប​នៅ​ពេល​ក្រោយ។

ដូច​បាន​រាយការណ៍​ពី​សប្តាហ៍​មុន​ថា សមាសភាព​ក្នុង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ឯនាយ​សមុទ្រ និង​ក្រុម​ការងារ​យុវជន​បក្ស​ឯនាយ​សមុទ្រ ភាគច្រើន​ជា​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល មាន​ទាំង​ផ្នែក​ស៊ីវិល មាន​ទាំង​ផ្នែក​កងកម្លាំង​ប្រដាប់​អាវុធ ដោយ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ឧកញ៉ា​ផង​ដែរ។

យើង​បាន​រាយការណ៍​ថា ក្នុង​សហរដ្ឋ​អាមេរិក រួម​នឹង​ប៉ែក​ខាងកើត​សហរដ្ឋ​អាមេរិក (East Coast) តំបន់​កណ្តាល-ខាងត្បូង ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​ឧត្តមសេនីយ៍ ម៉ឹង ពន្លក និង ជាម គុណណាត។

អ្នកស្រី ស៊ូ ឡាក់ ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​ខ្មែរ​អាមេរិកាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា សកម្មភាព​មន្ត្រី​ភ្នាក់ងារ​បម្រើ​ផលប្រយោជន៍​ពី​ប្រទេស​កម្ពុជា ឬ​អ្នក​ឃោសនា​ជួយ​ផ្ចុងផ្ដើម​ឲ្យ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ទោះ​ជា​មាន ឬ​គ្មាន​កម្រៃ ទោះ​ជា​ស្ម័គ្រចិត្ត​ក៏ដោយ គេ​ទាំងនោះ​បំពាន​ច្បាប់​សហរដ្ឋ​អាមេរិក​ហើយ បើសិនជា​មិន​រាយការណ៍​ឲ្យ​ក្រសួង​យុត្តិធម៌ រៀងរាល់ ៦​ខែ​ម្តង។

ប៉ែក​ខាងលិច​សហរដ្ឋ​អាមេរិក ស្ថិត​ក្រោម ណុប តារា អភិបាល​រង​ខេត្ត​កណ្តាល មាន​ឋានៈ​ជា​អនុប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប៉ែក​ខាងលិច (West Coast)។ ចៅ ជីអាន មាន​ឋានៈ​ជា​អនុប្រធាន​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប៉ែក​ខាងលិច និង កែវ វ៉ាន់នី មាន​ឋានៈ​ជា​ប្រធាន​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​រដ្ឋ​កាលីហ្វ័នីញ៉ា និង ហេង ប៊ុនថុន ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន។

លោក សុស ច័ន្ទតារា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ជា​សមាជិក​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ភាគ​ពាយព្យ បាន​រ៉ាយរ៉ាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily អំពី​វិធី​គេ​បញ្ចុះបញ្ចូល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក គឺ​ការ​សន្យា​ឲ្យ​មុខមាត់ និង​កិត្តិយស។

កាលពី​ឆ្នាំ​២០២០ ថ្ងៃ​ទី​១១ ខែ​មករា ក្រុម​ការងារ​បក្ស​ប្រចាំ​ប៉ែក​ខាងលិច បាន​រៀបចំ​ពិធី​ជប់លៀង​អបអរ​សាទរ​ទិវា​ជ័យជម្នះ​ថ្ងៃ​ទី​៧ មករា ខួប​ទី​៤១ នៅ​ក្រុង Portland រដ្ឋ Oregon ដោយ​មាន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក ជុំ សុន្ទរី ជា​តំណាង​រាជរដ្ឋាភិបាល​ចូលរួម។ ពិធី​ជប់លៀង​នោះ គេ​សង្កេត​ឃើញ​វត្តមាន​ឈ្មោះ សេង សំអុន ជា​ប្រធាន​គណៈកម្មការ​សាខា​ក្រុម​ការងារ​យុវជន​បក្ស និង​អ្នកស្រី ចាន់ ថន ជា​អនុប្រធាន​ក្រុម​ការងារ​ចាត់តាំង​យុវជន​បក្ស។

នៅ​ក្រុង Seattle និង Tacoma រដ្ឋ​វ៉ាស៊ីនតុន មាន​ពិធី​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​បង្កើត​សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប៉ែក​ខាងលិច​សហរដ្ឋ​អាមេរិក ក្រោម​អធិបតីភាព​ឯកអគ្គរាជទូត ជុំ សុន្ទរី និង​អភិបាល​រង​ខេត្ត​កណ្តាល ណុប តារា អនុប្រធាន​ក្រុម​ការងារ​ចាត់តាំង​យុវជន​បក្ស លោក ហេង ប៊ុនថុន ប្រធាន​សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន។ ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២០ ឯកអគ្គរាជទូត​ខ្មែរ ជុំ សុន្ទរី ចូលរួម​បើក​កម្មវិធី​បង្កើត​សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​ក្រុង​ឡងប៊ិច (Long Beach) ជាមួយ​ឈ្មោះ ចៅ ជីអាន អនុប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប៉ែក​ខាងលិច និង​ឈ្មោះ កែវ វ៉ាន់នី ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​រដ្ឋ​កាលីហ្វ័នីញ៉ា។

លោក សុស ច័ន្ទតារា អធិប្បាយ​ទៀត​ថា មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ក៏​លង់​ក្នុង​ការ​ចង់​បាន​លាភសក្ការៈ មាន​លុយកាក់ និង​បរិភោគ​អាហារ​មិន​ចេញ​លុយ​ជាដើម​នោះ​ដែរ។

នៅ​រដ្ឋ Nevada ប៉ែក​ខាងលិច​ជាប់​រដ្ឋ​កាលីហ្វ័នីញ៉ា នៃ​សហរដ្ឋ​អាមេរិក ក្រុម​ការងារ​យុវជន​បក្ស​បាន​បង្កើត​សាខា​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០ ហើយ​បាន​បើក​ពិធី​ជប់លៀង​អបអរ​សាទរ​ខួប​៤១​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ៧ មករា នៅ​ក្រុង Las Vegas ដែល​ជា​ទីក្រុង​កាស៊ីណូ ក្រោម​អធិបតីភាព​ឯកអគ្គរាជទូត ជុំ សុន្ទរី។

កម្មវិធី​នោះ​រៀបចំ​ឡើង​ដោយ​ប្រធាន​ក្រុម​ការងារ​បក្ស ប៉ោ សួន ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​រដ្ឋ​កាលីហ្វ័នីញ៉ា កែវ វ៉ាន់នី ឈ្មោះ ថាច់ សេរីវុធ ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​រដ្ឋ Nevada និង​គណៈប្រតិភូ។ នៅ​ក្រុង Richfield រដ្ឋ Minnesota សាខា​ក្រុង​ការងារ​យុវជន​បក្ស​អបអរ​សាទរ​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​អ្នក​ចូលរួម​ចំនួន​ប្រមាណ ៦០​នាក់។

ប៉ែក​កណ្តាល-ខាងត្បូង​សហរដ្ឋ​អាមេរិក មាន​កិច្ចប្រជុំ​មួយ​ដើម្បី​បង្កើត​សាខា​ក្រុម​ការងារ​យុវជន​បក្ស​នៅ​រដ្ឋ Kentucky តាម​បណ្ដាញ​ឆ្លងឆ្លើយ​បន្ត​ផ្ទាល់​ហ៊្សូម (ZOOM) នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ ម៉ឹង ពន្លក ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ឈ្មោះ សូ វីសុទ្ធី ជា​ប្រធាន និង​ឈ្មោះ ជិន ដេវិដ (Jin David) ជា​ប្រធាន​សាខា​បក្ស​ប្រចាំ​រដ្ឋ Kentucky។

សេចក្តី​រាយការណ៍​និយាយ​ថា មាន​អ្នក​ចូលរួម​ប្រជុំ​តាម​វីដេអូ និង​អបអរ​សាទរ​ខួប​៤១​ឆ្នាំ​នៃ​ជ័យជម្នះ ៧ មករា មាន​ចំនួន ២៣០​នាក់។ នៅ​ប៉ែក​ខាងកើត​វិញ សាខា​ក្រុម​ការងារ​យុវជន​បក្ស​នៅ​ក្រុង Philadelphia រដ្ឋ Pennsylvania ក៏​បាន​រៀបចំ​ពិធី​ជប់លៀង​ខួប​ជ័យជម្នះ ៤១​ឆ្នាំ​ដែរ ដោយ​មាន​ការ​ចូលរួម​ពី ជាម គុណណាត រួម​នឹង​សាខា​បក្ស​ប្រចាំ​រដ្ឋ ទាំង​រដ្ឋ Pennsylvania និង​រដ្ឋ New Jersey ព្រមទាំង​អគ្គកុងស៊ុល​កិត្តិយស​នៃ​ប្រទេស​កម្ពុជា មន្ត្រី​ក្នុង​ក្រុង​ជាច្រើន​រូប និង​សមាជិក​សហគមន៍​ខ្មែរ​សរុប​ប្រមាណ ៤០០​នាក់។

លោក សុស ច័ន្ទតារា ក៏​បាន​សម្ដែង​ក្តី​បារម្ភ​ដែរ​ចំពោះ​ការ​ចូល​ជ្រៀតជ្រែក​បំបែក​ខ្មែរ​តាម​សហគមន៍​ដែល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក គួរ​ព្យាយាម​តាមដាន​តទៅទៀត។

ជនបរទេស​ម្នាក់​ដែល​បាន​សង្កេត​ឃើញ​សកម្មភាព​ដ៏​សស្រាក់សស្រាំ​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​រាជរដ្ឋាភិបាល បាន​ពោល​ទាំង​ក្តី​ព្រួយបារម្ភ​ថា «ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មួយ​ចំនួន​កំពុង​ផ្ដោត​លើ​រឿង​នយោបាយ​ក្នុង​ស្រុក​ខ្មែរ គេ​ភ្លេច​ខ្លួន​មិន​បាន​គិត​ខ្វល់ខ្វាយ​អំពី​គ្រោះថ្នាក់​នៅ​មុខ​ផ្ទះ និង​ក្រោយ​ផ្ទះ​របស់​គេ​ឡើយ។ គេ​មិន​ទាំង​ដឹង​ថា មនុស្ស​ជា​អ្នក​ជិតខាង ឬ​មិត្តភ័ក្ដិ សាច់សាលោហិត​របស់​គេ​ខ្លះ កំពុង​ឱបក្រសោប​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ​នៅ​ក្នុង​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នោះ​ផង។ តែ​បើ​ដឹង​វិញ តើ​គេ​ធ្វើ​អ្វី​ដែរ​ឬ

លើក​ក្រោយ យើង​នឹង​ពិនិត្យ​មើល​ថា​តើ​គេ​ចាយ​ថវិកា​ពី​ប្រភព​ណា​ក្នុង​ការ​ជួបជុំ​អបអរ​សាទរ​ទិវា​ជ័យជម្នះ និង​ដំណើរ​ចេញចូល​ពី​គ្រា​មុន​វីរុស​កូវីដ-១៩ រាតត្បាត​ពិភពលោក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស