25 C
Phnom Penh

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

បទវិភាគ

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។

តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា លទ្ធផល​វា​ទៅជា​ដូច្នេះ​ទៅវិញ។

ការ​បោះឆ្នោត​សភា​ប្រទេស​រុស្ស៊ី បាន​បិទ​បញ្ចប់​ដោយ​នាំ​ទៅ​ជាមួយ​នឹង​រឿង​អាស្រូវ​កេង​បន្លំ​សន្លឹកឆ្នោត​រាប់​លាន​សន្លឹក។ បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​សង្ឃឹម​ថា​នឹង​បាន​អាសនៈ​សភា បើ​មិន​ឈ្នះ គឺ​យ៉ាងហោចណាស់​ក៏​បាន​ជិត ៥០% ដែរ​នៃ​អាសនៈ​សរុប ៤៥០ ប៉ុន្តែ​បាន​តែ​ជិត ១៩​ភាគរយ​ប៉ុណ្ណោះ។

អ្វី​ដែល​ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី សង្ឃឹម​ខ្លាំង ព្រោះ​លទ្ធផល​បោះឆ្នោត​ដំបូងៗ​បង្ហាញ​ថា បក្ស​ប្រឆាំង​ដ៏​ធំ​នេះ​បាន​នាំមុខ​ខ្លាំង គឺ​នាំមុខ​បក្ស​រុស្ស៊ី​រួបរួម ដែល​ជា​បក្ស​ដឹកនាំ​ដោយ​បុរស​ខ្លាំង លោក វ៉្លាឌីមៀរ ពូទីន ដែល​អ្នកនិពន្ធ​ដាក់​រហស្សនាម​ថា តារា​កំប្លែង​មុខ​ស្ងួត អត្តចរិត​កោងកាច។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​លោកសេរី​ដែល​តាមដាន​លទ្ធផល​បោះឆ្នោត គឺ​លទ្ធផល​ចាប់ផ្ដើម​ប្រែប្រួល​យ៉ាង​គំហុក​នៅ​អំឡុង​កំពុង​សម្រុក​រាប់​សន្លឹកឆ្នោត គឺ​ស្រាប់តែ​ភាគរយ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ហក់​ឡើង​ខ្ពស់​មួយរំពេច គឺ​ពេល​នោះ​បក្ស​រុស្ស៊ី​រួបរួម (United Russia party) របស់​ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បាន​ដណ្ដើម​អាសនៈ និង​សន្លឹកឆ្នោត​កាន់តែ​កើន​ឡើង គឺ​វ៉ា​ដាច់​បក្ស​ប្រឆាំង​តែម្ដង ដោយ​លោត​ទៅដល់ ៥០​ភាគរយ​តែម្ដង។

តាមរយៈ​នេះ គឺ​បក្ស​រុស្ស៊ី​រួបរួម​បាន​កាន់កាប់​សំឡេង​ភាគច្រើន​នៃ​ការ​បោះឆ្នោត​ចេញពី​បក្ស​នយោបាយ​ដែល​មាន​អាសនៈ ២២៥ សម្រាប់​ការ​បោះឆ្នោត។

គណៈកម្មាធិការ​បោះឆ្នោត​របស់​ប្រទេស​នេះ​បាន​ប្រកាស​ទៀត​ថា បក្ស​រុស្ស៊ី​រួបរួម​នេះ​ក៏​ដណ្ដើម​បាន​អាសនៈ​នៃ​ការបោះឆ្នោត​ចេញពី​អ្នក​បោះឆ្នោត​ដោយ​ផ្ទាល់ ២២៥​អាសនៈ ដែល​គេ​ហៅថា​សភា​ជាន់​ទាប បាន​នាំ​ឱ្យ​បក្ស​កាន់​អំណាច​នេះ​កាន់កាប់​បាន​អាសនៈ​សភា ដូម៉ា ៣២៤​អាសនៈ គឺ​លើស ២​ភាគ​៣។

ចំណែក​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី ដែល​បាន​សន្លឹកឆ្នោត​ទី​២ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បក្ស​នេះ​ទទួល​បាន ៥៧​អាសនៈ ដែល​កើន​ជាង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ដោយ​ទទួល​បាន ៤២​អាសនៈ។ នៅ​មាន​គណបក្ស​ចំនួន ៤ ទៀត ក៏​បាន​ដណ្ដើម​អាសនៈ​បាន​ដែរ តែ​បក្ស​ទាំងនោះ​មួយៗ​មិន​បាន ៨​ភាគរយ​នោះ​ទេ។ មាន​បក្ស​ខ្លះ​បាន​អាសនៈ​តែ​មួយ​ប៉ុណ្ណោះ។ សរុប​ទៅ មាន​តែ ៦​គណបក្ស​ដែល​បាន​ទៅ​អង្គុយ​នៅ​ក្នុង​សភា ដូម៉ា មាន ៤៥០​អាសនៈ​ដែល​ចេញពី​ការ​បោះឆ្នោត​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ កញ្ញា។

មូលហេតុ​នៃ​ការ​បោះឆ្នោត​ប្រើ​ពេល​ដល់ ៣​ថ្ងៃ​នេះ ដោយសារតែ​ការ​បោះឆ្នោត​មាន​ការ​រឹតត្បិត គឺ​ត្រូវ​ឱ្យ​មាន​គម្លាត ព្រោះតែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ។

របាយការណ៍​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត ដែល​មាន​ទិន្នន័យ​ដូចនេះ ត្រូវ​បាន​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News។

យ៉ាងណា ល្ខោន​បាន​សា​រោង​បិទ​បញ្ចប់​ការ​សម្ដែង​នាំ​ទៅ​ជាមួយ​រឿង​អសោច​កេរ្តិ៍ ដោយ​បក្ស​ប្រឆាំង គឺ​ទាំង​បក្ស​តូច​បក្ស​ធំ ជាពិសេស​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី បាន​ប្រមែប្រមូល​អ្នក​នយោបាយ និង​បេក្ខជន​សមាជិក​សភា​ឡើង​ពី​បណ្ដា​ទីប្រជុំជន​ឆ្ងាយៗ​មកកាន់​រដ្ឋធានី​ម៉ូស្គូ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ពួកគេ​ហៅថា​ជា​លទ្ធផល​ក្លែងក្លាយ និង​លួច​បន្លំ។

បក្ស​កុម្មុយនីស្ត​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រកាស​ទាត់ចោល​លទ្ធផល​បោះឆ្នោត​ជាមួយ​នឹង​ការ​ថ្លែង​ប្រាប់​ប្រជាជន​រុស្ស៊ី ថា បើ​នៅ​បណ្ដា​ក្រុង​ធំៗ​មាន​ការ​លួច​បន្លំ​ដូចនេះ​ទៅ​ហើយ ចុះ​ទម្រាំ​នៅ​ជនបទ​ដាច់ស្រយាល​ទៀត គឺ​ពិត​ណាស់​ការ​លួច​បន្លំ​ដូចនេះ​នឹង​ងាយ​បំផុត។

បក្ស​ប្រឆាំង​ធំ​នេះ​ប្រកាស​ថា នឹង​តវ៉ា​ឱ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​នូវ​ការ​រាប់​សន្លឹកឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ដែល​មាន​ការ​សង្ស័យ​ពី​ការ​បង្កើន​តួលេខ​សន្លឹកឆ្នោត​ទៅ​ឱ្យ​បក្ស​កាន់​អំណាច។

ដោយឡែក​បក្ស​ប្រឆាំង​មួយ​ទៀត​ដឹកនាំ​ដោយ​អ្នកទោស​នយោបាយ Alexei Navalny ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ឃុំ​ខ្លួន បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​ចេញ​ដើរ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកទោស​នយោបាយ​នេះ បាន​ប្រាប់​ថា ការ​បោះឆ្នោត​សភា​លើក​នេះ​មាន​ការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង​ទៅលើ​សេរីភាព​ក្រុម​ប្រឆាំង ដោយ​ការ​ប្លុក​វែបសាយ និង​បណ្ដាញ​សង្គម​របស់​សកម្មជន​បក្ស​ប្រឆាំង។

មិនតែប៉ុណ្ណោះ ការ​បោះឆ្នោត​ពុំ​មាន​តម្លាភាព​ឡើយ ព្រោះតែ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដល់ ៣​ថ្ងៃ ដែល​ទុក​លទ្ធភាព​នៃ​ការ​រៀបចំ​ផែនការ​បន្លំ​សន្លឹកឆ្នោត​ងាយ​កើតឡើង។ ក្រុម​បក្ស​ប្រឆាំង​នៅ​ប្រទេស​រុស្ស៊ី បាន​ហៅ​ការ​បោះឆ្នោត​ថា​ដូចជា​ល្ខោន​សៀក​រហស្សកម្ម​មួយ ជាមួយ​នឹង​ការ​សម្ដែង​មិន​សម​នឹង​ស្ថានភាព​ជាក់ស្ដែង​ដែល​លទ្ធផល​ដំបូងៗ​នៅ​ទូទាំង​ប្រទេស នាំមុខ​ដោយ​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី ហើយ​ក្រោយមក​ប្រែប្រួល​យ៉ាង​គំហុក គឺ​អ្នក​នាំមុខ​លែង​តាម​ទាន់​អ្នក​រត់​ពីក្រោយ។

តាម​របាយការណ៍​របស់​ក្រុម​ប្រឆាំង និង​អ្នក​សង្កេតការណ៍​ឯករាជ្យ បង្ហាញ​ថា បក្ស​កាន់​អំណាច​គឺ​បក្ស​រុស្ស៊ី​រួបរួម​ដឹកនាំ​ដោយ​បុរស​ខ្លាំង លោក វ៉្លាឌីមៀរ ពូទីន បាន​មិន​ដល់ ៣០% នោះ​ទេ។ តែ​បែប​ណា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​រុស្ស៊ី បាន​បដិសេធ​ចំពោះ​ការ​ចោទ​ថា​មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត​សម្រាប់​បក្ស​កាន់​អំណាច។

រឿង​អសោច​កេរ្តិ៍​នៃ​ការ​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី បាន​ផ្ទុះ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ព្រោះតែ​មាន​ការ​បន្លំ​សន្លឹកឆ្នោត​ធ្ងន់ធ្ងរ។ ទាំង​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស ប្រកាស​ថា​ការ​បោះឆ្នោត​នេះ​មិន​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ ដោយ​មិន​ឆ្លើយតប​នឹង​ប្រព័ន្ធ​បោះឆ្នោត​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ។

យ៉ាងណា សម្រាប់​ប្រធានាធិបតី​រុស្ស៊ី ដែល​គេ​ហៅថា​បុរស​ខ្លាំង ហើយ​អ្នកនិពន្ធ​ឱ្យ​រហស្សនាម​ថា តួ​កំប្លែង​មុខ​ស្ងួត ចិត្ត​កោងកាច សង្ឃឹម​ថា​សំឡេង​របស់​បក្ស​រុស្ស៊ី​រួបរួម​នៅ​ក្នុង​សភា ដូម៉ា មាន​ភាព​រឹងមាំ គឺ​ច្បាស់​ណាស់​ថា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មីនា ឆ្នាំ​២០២៤ គឺ​រូបលោក​នឹង​តោង​អំណាច​ដ៏​កំពូល​នេះ​បាន​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស