29 C
Phnom Penh

កងទ័ព​ឥណ្ឌា-ចិន​ប្រុងប្រៀប​បើក​ទ្វារ​សង្គ្រាម​ម្ដង​ទៀត​ក្រោយ​ការ​ចរចា​បរាជ័យ

បទវិភាគ

ភាព​តានតឹង​រវាង​ឥណ្ឌា និង​ចិន នៅ​តំបន់​ព្រំដែន​បាន​ធ្វើ​ឲ្យ​ល្អក់កករ​ទំនាក់ទំនង​ការទូត យោធា និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ប្រជាពលរដ្ឋ​ឥណ្ឌា ស្ទើរតែ​គ្រប់​គ្នា​នៅ​តំបន់​ព្រំដែន មិន​ត្រឹមតែ​រស់នៅ​ដោយ​ការ​ភ័យខ្លាច​នោះ​ទេ ប៉ុន្តែ​រស់នៅ​ដោយ​ការ​ស្អប់​គុំកួន​ពលរដ្ឋ​ចិន​ជា​ខ្លាំង។

រដ្ឋាភិបាល​ឥណ្ឌា បាន​ព្យាយាម​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​តាមរយៈ​ការ​ស្នើសុំ​ទិញ​អាវុធ​ជាបន្ទាន់​ពី​មហាអំណាច​អាមេរិក រុស្ស៊ី បារាំង និង​ប្រទេស​ជើងឯក​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា គឺ​អ៊ីស្រាអែល។ អាវុធ​ដែល​ឥណ្ឌា ទទួល​បាន​ពី​ប្រទេស​ទាំងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង កាំជ្រួច រថក្រោះ និង​កាំភ្លើងធំ។

បើ​តាម​សារព័ត៌មាន The Times of India ឲ្យ​ដឹង​ថា មិន​ប្រាកដ​ថា​អាវុធ​ទាំងអស់​នោះ​ឥណ្ឌា​យក​ទៅ​ដាក់​នៅ​តំបន់​ឡាដាក ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ឥណ្ឌា​ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក ថា​នឹង​នៅ​ខាង​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ចិន។

មិន​ត្រឹមតែ​ស្វែងរក​ការ​ទិញ​អាវុធ​ពី​ប្រទេស​ទាំងនោះ​ទេ គឺ​ចុងក្រោយ​នេះ ឥណ្ឌា​ស្វែងរក​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​ប្រទេស​ក្នុង​តំបន់​មាន​ដូចជា​ជប៉ុន និង​អូស្ត្រាលី​ថែម​ទៀត។ អ្វី​ដែល​ឥណ្ឌា​ស្វែងរក​ដៃគូ​យោធា​នេះ គឺ​ឥណ្ឌា​មាន​សត្រូវ​ពីរ​នៅ​ពេល​តែ​មួយ ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ គឺ​ចិន និង​ប៉ាគីស្ថាន។ អស់​ពី​ប៉ាគីស្ថាន​បង្ក​រឿង ក៏​ដល់​វេន​ចិន​ម្ដង។ មើល​ទៅ​ដូចនេះ​ហើយ បាន​ជា​មេដឹកនាំ​ឥណ្ឌា​ប្រាប់​ទៅ​ចិន និង​ប៉ាគីស្ថាន​ថា កងទ័ព​ឥណ្ឌា​ពុំ​មែន​ជា​កងទ័ព​លុតជង្គង់​សុំ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​នោះ​ទេ។

ទាំង​ចិន និង​ប៉ាគីស្ថាន សុទ្ធសឹងតែ​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ឥណ្ឌា។ ឥណ្ឌា និង​ប៉ាគីស្ថាន ពុះ​ច្រៀក​ព្រំដែន​នឹង​គ្នា​ដោយ​សម្គាល់​ទឹកដី​រៀងៗ​ខ្លួន​នៅ​ឆ្នាំ​១៩៤៧ នៅ​តំបន់​កាស្មៀរ បន្ទាប់ពី​អង់គ្លេស​បញ្ចប់​អាណានិគម។ ដោយឡែក​ប្រទេស​ចិន មាន​ព្រំដែន​គោក​រួម​ជាមួយ​ឥណ្ឌា ដោយ​លាតសន្ធឹង​ជាង ៤៣០០​គីឡូម៉ែត្រ និង​ជួរភ្នំ​ហិម៉ាល័យ ជា​កំណត់​សម្គាល់​ព្រំដែន​រវាង​ប្រទេស​ធំ​ពីរ​នេះ។

កងទ័ព​នៃ​ប្រទេស​ប៉ាគីស្ថាន និង​ចិន តែងតែ​ពើប​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ឥណ្ឌា។

សម្រាប់​ចិន និង​ឥណ្ឌា គឺ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ពុំ​បាន​ដក​ចេញពី​ព្រំដែន​នោះ​ទេ​ចាប់តាំង​ពី​ការ​ពើប​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០។ មានន័យ​ថា កងទ័ព​ទាំង​ពីរ​នៅតែ​ត្រៀម​ដើម្បី​បើក​ទ្វារ​ព្រំដែន​ធ្វើ​សង្គ្រាម​តែប៉ុណ្ណោះ។

ទាំង​ឥណ្ឌា និង​ចិន តែង​ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​ឈ្លានពាន។ ប្រទេស​ធំ​ទាំង​ពីរ​នេះ​សុទ្ធតែ​មាន​កងទ័ព​រាប់​លាន​នាក់​ដូច​គ្នា។ សម្រាប់​ឥណ្ឌា ធ្លាប់​ចាញ់​សង្គ្រាម​នឹង​ចិន​ម្ដង​ហើយ​នៅ​ក្នុង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​១៩៦២ ដោយ​បណ្ដាល​ឱ្យ​កងទ័ព​ឥណ្ឌា​ស្លាប់​ជិត​មួយ​ពាន់​នាក់។ តែ​នៅ​ពេលនេះ គឺ​មិន​ដូច​ឆ្នាំ​១៩៦២ នោះ​ទេ ដែល​កងទ័ព​ចិន ពុំ​អាច​រុល​ចូល​ទឹកដី​ឥណ្ឌា​បាន​ទៀត​ឡើយ។ ជាក់ស្ដែង ការ​ពើប​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​ទៅ​មិញ​នេះ កងទ័ព​ឥណ្ឌា​អះអាង​ថា ខ្លួន​បាន​វាយបក​យ៉ាង​ខ្លាំង​លើ​កងទ័ព​ចិន ដោយ​បណ្ដាល​ឱ្យ​កងទ័ព​ចិន​ស្លាប់​ជាង ៤០​នាក់ តែ​ចិន​បដិសេធ​ការ​អះអាង​របស់​ឥណ្ឌា។

ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ឥណ្ឌា និង​ចិន បាន​បើក​ការ​ចរចា​នឹង​គ្នា​ទាំង​ថ្នាក់​ការទូត​ជាន់ខ្ពស់ និង​មេទ័ព​ទាំង​ពីរ គឺ​ជិត ២០​ដង​មក​ហើយ។ ទោះ​ជា​ការ​ចរចា​ធ្វើឡើង​ច្រើន​ដង​ដូចនេះ តែ​ពុំ​អាច​មាន​លទ្ធផល​ជា​ផ្លូវការ​ម្ដង​ណា​ឡើយ។

ជាក់ស្ដែង​ការ​ចរចា​កាលពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​តុលា នេះ រវាង​មេបញ្ជាការ​កងទ័ព​នៃ​ភាគី​ទាំង​ពីរ​ដើម្បី​ដក​កងទ័ព​ចេញពី​តំបន់​ដែល​មាន​ជម្លោះ​សំខាន់ៗ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​បញ្ចប់​នៅ​ក្នុង​ភាព​ទាល់ច្រក និង​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត។

បើ​តាម​សារព័ត៌មាន The Times of India ការ​បរាជ័យ​នៃ​ការ​ចរចា​នេះ​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ត្រូវ​រក្សា​កងទ័ព​នៅ​ក្នុង​ផ្នែក​ជួរមុខ​នៃ​តំបន់ Ladakh ដែល​កងទ័ព​ប្រទេស​ពីរ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជា​ខ្លាំង​ចាប់តាំង​ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២០។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ក្រសួង​ការពារ​ជាតិ​ឥណ្ឌា បាន​បញ្ជាក់​ថា ភាគី​ឥណ្ឌា​បាន​ស្នើ​ឱ្យ​មាន​ការ​ដកទ័ព​ទាំង​ពីរ ប៉ុន្តែ​ភាគី​ចិន​មិន​បាន​យល់ព្រម​តាម។ តាម​ប្រភព​ដដែល​នេះ ភាគី​ចិន​លើកឡើង​ថា ឥណ្ឌា​បាន​ទទូច​ទាមទារ​ដោយ​មិន​សមហេតុសមផល និង​គ្មាន​ការពិត​ជាក់ស្តែង​ចំពោះ​ចំណុច​ត្រួត​ស៊ី​គ្នា​នៅ​ឡាដាក។

មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​រឿង​នេះ បន្ទាប់ពី​មិន​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល ២​ខែ​មក​ហើយ។

ការ​ពិភាក្សា​នេះ បាន​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​មេបញ្ជាការ​កងទ័ព​ឥណ្ឌា​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​បង្កើន​ការ​ពង្រាយ​ទ័ព និង​អាវុធ​ទ្រង់ទ្រាយ​ធំ​របស់​ភាគី​ចិន​កាន់តែ​មាន​ចំនួន​កើន​ឡើង។

ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់ ដែល​មាន​ទាំង​កាំភ្លើងធំ រថក្រោះ និង​យន្តហោះ​ចម្បាំង កាំជ្រួច​ផង​ដែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

តែ​បើ​តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​ដែល​រាយការណ៍​ដោយ​សារព័ត៌មាន South China Morning Post ប្រចាំ​ក្នុង​ទីក្រុង​ហុងកុង គឺ​ក្រោយពី​ការ​ចរចា​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ចិន​បាន​រំកិល​រថក្រោះ​រាប់​សិប​គ្រឿង​ទៅ​កៀក​នឹង​ព្រំដែន​ឥណ្ឌា ជាពិសេស​នៅ​តំបន់​ ឡាដាក។ ចំណែក​ភាគី​ឥណ្ឌា​វិញ ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ចល័ត​សព្វាវុធ​ចូល​មក​កៀក​នឹង​ព្រំដែន​របស់​ខ្លួន​ផង​ដែរ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា សកម្មភាព​កងទ័ព​ប្រទេស​ធំ​ពីរ​នេះ មើល​ទៅ​កំពុងតែ​ប្រុងប្រៀប​បើក​ព្រំដែន​ដើម្បី​ធ្វើ​សង្គ្រាម​នឹង​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស