25 C
Phnom Penh

ភាគ​១១៖ រចនាសម្ព័ន្ធ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ជ្រៀតជ្រែក​ខ្លាំង​នៅ​អូស្ត្រាលី

បទវិភាគ

យើង​បាន​ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដែល​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​មាន​សកម្មភាព​គគ្រឹកគគ្រេង​ជាង​ប្រទេស​នៅ​ទ្វីប​ដទៃ ដូចជា​ទ្វីប​អឺរ៉ុប អាមេរិក​ខាងជើង និង​អាស៊ី។

យើង​បាន​លាតត្រដាង​ឈ្មោះ​មនុស្ស​ជាច្រើន មាន​ចាស់ មាន​ក្មេង​ដែល​ចូល​ជា​សមាជិក​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស (CPP Overseas Youth Working Groups) ហើយ​នៅ​មាន​ឈ្មោះ​ជាច្រើន​ទៀត យើង​ទើប​នឹង​ទទួល ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្រុម​ការងារ​យុវជន​បក្ស​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រភព​ឲ្យ​ដឹង​ថា ដារ៉ាវី វ៉ាញ ជា​មនុស្ស​សំខាន់​នៅ​ប្រទេស​បារាំង ដែល​ស្វែងរក​ជំនួយ​ពី​សហភាព​អឺរ៉ុប ជួយ​ដល់​ប្រទេស​កម្ពុជា។

នៅ​ប្រទេស​អូស្ត្រាលី ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើរ​តួ​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ចងក្រង​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ពី​ប្រទេស​កម្ពុជា ទោះ​ជា​ខ្មែរ​ក្តី ចិន​ក្តី ឬ​ជនជាតិ​ដទៃ​ក្តី ឲ្យ​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ក្រុម​ការងារ​យុវជន​បក្ស​ក្រៅ​ប្រទេស​ប្រចាំ​ប្រទេស​អូស្ត្រាលី។

លោក កុយ គួង អតីត​និស្សិត​នៃ​សកលវិទ្យាល័យ​ជាតិ កង់ប៊ែរ៉ា ឆ្នាំ​២០០៣ បាន​រៀបចំ​បណ្ដាញ​ទំនាក់ទំនង​នយោបាយ​រួច​ជាស្រេច។ ឆ្នាំ​២០១៥ ពេល​ជំនួស​ឯកអគ្គរាជទូត ជុំ សុន្ទរី គឺ​លោក កុយ គួង មាន​បណ្ដាញ​រួច​ជាស្រេច​សម្រាប់​ជួយ​ក្រុម​ការងារ​យុវជន​បក្ស ដែល​ភារកិច្ច​រើស​សមាជិក​ជា​ភារកិច្ច​ថ្មី​មួយ​បន្ថែម​លើ​ភារកិច្ច​កិច្ចការ​ទូត​នៅ​ប្រទេស​មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​កម្ពុជា។ សមាសភាព​ដឹកនាំ​ដំបូង​នៃ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រាប់​បញ្ចូល​ទាំង​អ្នកស្រី កុយ ពិសី នៃ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក្រោម​ការ​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង។ បន្ទាប់មក​មាន ម៉ឹង ពន្លក,ហេង សួរ និង គឹម សន្តិភាព

សមាសភាព​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ មាន៖

  • គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជា​ប្រធាន
  • ឡាវ វ៉ាន់ ឧត្តមសេនីយ៍ទោ​មេបញ្ជាការ​រង​កង​អង្គរក្ស​កងពល​លេខ​៧០ ជា​អនុប្រធាន
  • ឧត្តមសេនីយ៍ទោ​ប៉ូលិស សុខ វាសនា ជា​អនុប្រធាន
  • ឱក បូរ៉ា, អ៊ុក ពញ្ញា និង ប៊ុន ជា ជា​សមាជិក។

សមាសភាព​ឈ្មោះ​ទាំងអស់​នេះ ត្រូវ​បាន​បញ្ចូល​ទៅជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨។

ស្ថាន​រាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី មាន​រឿង​អាស្រូវ​នៅ​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​ឯកអគ្គរាជទូត កុយ គួង ទៅ​កាន់​តំណែង​ជំនួស​ឯកអគ្គរាជទូត ជុំ សុន្ទរី បាន​ប្រមាណ​មួយ​ឆ្នាំ។

តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​អូស្ត្រាលី Fairfax Media រយៈពេល ៦​ខែ​ចាប់ពី​ដើម​ឆ្នាំ​២០១៦ អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី ហៅ​ថា​កម្លាំង​ព្រំដែន​អូស្ត្រាលី (Australian Border Force = ABF) បាន​ស៊ើប​អង្កេត​អ្នក​ការទូត​ខ្មែរ​ក្នុង​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី នា​ធានី​កង់ប៊ែរ៉ា អំពី​ករណី​ប្រើ​អភ័យ​ឯកសិទ្ធិ​ការទូត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខុសច្បាប់​អូស្ត្រាលី។

អាជ្ញាធរ​អូស្ត្រាលី សង្ស័យ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​បញ្ជា​ទិញ​ស្រា ប៊ីយែរ និង​បារី ដោយ​ប្រើ​កម្មវិធី​ឲ្យ​រួច​ពន្ធដារ អនុញ្ញាត​ឲ្យ​មន្ត្រី​ទូត​បរទេស​អាច​ទិញ​គ្រឿងស្រវឹង និង​បារី​ថ្នាំជក់​មាន​កម្រិត​រៀងរាល់ ៦​ខែ​ម្តង លើកលែងតែ​មាន​កម្មវិធី​ពិសេស​នៅ​ក្នុង​ស្ថានទូត​ដែល​ត្រូវការ​បញ្ជា​ទិញ​លើស​ពី​កម្រិត​អនុញ្ញាត។

ច្បាប់​ប្រទេស​អូស្ត្រាលី អនុញ្ញាត​ឲ្យ​ស្ថានទូត​បរទេស​នាំចូល​គ្រឿង​ស្រា ១២០​លីត្រ ប៊ីយែរ ៥០០​លីត្រ និង​បារី ១​ម៉ឺន​ដើម​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន។

គេ​ចោទ​ថា ស្ថានទូត​ខ្មែរ​នៅ​កង់ប៊ែរ៉ា បញ្ជា​ទិញ​វត្ថុ​ទាំងនោះ​តាមរយៈ​ហាង​លក់​ស្រា​រួច​ពន្ធ Duty Free ឈ្មោះ Unique International Duty Free ថៅកែ​ហាង​ឈ្មោះ សេង តាំង ហើយ​ស្តុក​ទុក​វត្ថុ​ទាំងអស់​នោះ​នៅ​ក្នុង​ហាង​ដោយ​មិន​យក​ចេញ​ទៅ​ប្រើ​ការ​តាម​សេចក្តី​ត្រូវការ។ ថៅកែ​ហាង សេង តាំង យក​វត្ថុ​ទាំងនោះ​លក់​យក​ចំណេញ​កប់​ពពក ព្រោះ​ជា​របស់​រួច​ពន្ធ​បញ្ជា​ទិញ​ដោយ​ស្ថានទូត។ គេ​យក​ផល​ចំណេញ​ចែក​គ្នា។

ទោះ​ជា​យ៉ាង​ក៏ដោយ ទាំង​ឯកអគ្គរាជទូត កុយ គួង ទាំង​ម្ចាស់​ហាង​ឈ្មោះ សេង តាំង បដិសេធ​ថា​គ្មាន​រឿង​រំលោភ​ច្បាប់​អូស្ត្រាលី​ឡើយ។ រឿង​គេ​មិន​បាន​ដឹង​ច្បាស់​នោះ គឺ​តើ​ល្បិចកល​ទុច្ចរិត​រំលោភ​ច្បាប់​បែប​នោះ​កើតមាន​ក្នុង​អាណត្តិ​លោក ជុំ សុន្ទរី ជា​ឯកអគ្គរាជទូត ឬ​មួយ​ក្នុង​អាណត្តិ​លោក កុយ គួង ជា​ឯកអគ្គរាជទូត?

ទោះ​ជា​ក្នុង​អាណត្តិ​ណា​ក៏ដោយ មធ្យោបាយ​ឆ្លៀត​គៃ​យក​ផលប្រយោជន៍​ចែក​គ្នា​នោះ មិន​ត្រឹមតែ​ដើម្បី​បំពេញ​បំណង​ផ្ទាល់ខ្លួន ឬ​ក្រុម​បក្សពួក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ក៏​អាច​ប្រើប្រាស់​ធនធាន​ក្រៅ​ប្រទេស​សម្រាប់​ការ​ចំណាយ ដើម្បី​ជួយ​ពង្រឹង​ការងារ​គាំទ្រ​បក្ស​ដោយ​មិន​បាច់​យក​ធនធាន​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

ដោយឡែក​ពី​ការ​ចង​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជករ ម្ចាស់​អាជីវកម្ម​ដើម្បី​រកស៊ី រក​ផល​កម្រៃ​ចែក​គ្នា​តាម​តំបន់​នីមួយៗ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ខ្លះ​ក៏​ប្រើ​ឈ្មោះ​ស្ថានទូត​រៀបចំ​ចូលរួម​ក្នុង​ពិធី​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​តាម​ទីអារាម​ផង​ដែរ។ គេ​យក​ហេតុផល​ថា គេ​ផ្សារភ្ជាប់​ចំណង​មេត្រីភាព​ជាមួយ​សហគមន៍ ជួយ​ឧបត្ថម្ភ អភិវឌ្ឍ​វត្ត​ខ្មែរ​ឲ្យ​កាន់​តែ​មាន​មុខមាត់​ល្អ​ស្អាត​នៅ​បរទេស។ គេ​បន្ថែម​ពាក្យ កឋិន​ទាន ជា​កឋិន​ទាន​សាមគ្គី ក្រៅពី​ពាក្យ​ថា បុណ្យ​ផ្កា​សាមគ្គី។

កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ឯកអគ្គរាជទូត ចាន់ រតនា ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ បាន​ផ្ដួចផ្ដើម​អង្គ​កឋិន​ទាន​ជាមួយ​ឈ្មោះ លឹម សំអាត ប្រធាន​សាខា​បក្ស និង​ឈ្មោះ លី ម៉េង ប្រធាន​ក្រុម​យុវជន​បក្ស ហែ​ទៅ​កាន់​វត្ត​រតនៈ ហៅ​វត្ត​រ៉ស់ម័រ (Rossmore Temple) នៅ​ក្រុង​ស៊ីដនី ជាមួយ​នឹង​បច្ច័យ​ប្រមាណ ៥​ពាន់​ដុល្លារ។ ក្រៅពី​នេះ ព្រះបរមរាជវាំង​ក៏​ចូលរួម​ក្នុង​សកម្មភាព​បង្កើត​សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ដែរ តាមរយៈ​ការ​ប្រគល់ ប្រកាស​នីយបត្រ គ្រឿង​ឥស្សរិយយស ថ្នាក់​ធិបឌិន្ទ​ពី​ព្រះមហាក្សត្រ ចុះហត្ថលេខា​ដោយ​សម្តេច​ចៅហ្វាវាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល។ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ ប្រគល់​ឲ្យ​ឈ្មោះ លី បថាវី ធ្វើការ​ជាមួយ​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​ក្រុង​ម៉ែលប៊ន អង្គការ​អាជីវកម្ម​អូស្ត្រាលី សមាគម​ខ្មែរ-អូស្ត្រាលី​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា អង្គការ​និស្សិត​ខ្មែរ​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា។

មុន​នោះ នា​ឆ្នាំ​២០១៩ គ្រឿង​ឥស្សរិយយស​ពី​ព្រះបរមរាជវាំង បាន​ប្រគល់​ឲ្យ​ឈ្មោះ Jason Sara ហៅ ណារី សារ៉ា តំណាង​ប្រចាំ​តំបន់​២ ក្រុង​ម៉ែលប៊ន និង​ភរិយា​ឈ្មោះ Suzette Suzanne Ting ហៅ បូរ៉ាមី ទីង ឧត្តមសេនីយ៍ត្រី កាន់ វឌ្ឍនា នាយរង​នៃ​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​នាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​អ្នក​ជួយ​រៀបចំ​សាខា​បក្ស​នៅ​ក្រុង​ម៉ែលប៊ន ផង​ដែរ។ ឆ្នាំ​ដដែល ខុង ណាមធី ហៅ ណាម លី តំណាង​បក្ស​នៅ​ក្រុង​អាដឺឡែត និង លី ម៉េង ប្រធាន​សាខា​បក្ស​នៅ​ក្រុង​ស៊ីដនី បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះបរមរាជវាំង។ ខែ​មីនា ឆ្នាំ​២០១៨ គ្រឿង​ឥស្សរិយយស​ពី​ព្រះបរមរាជវាំង ប្រគល់​ឲ្យ​ឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ មេបញ្ជាការ​រង​កង​អង្គរក្ស និង​កង​អន្តរាគមន៍​លេខ​៩ ដោយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ ឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ ធ្លាប់​សរសេរ​អក្សរ​ខ្មែរ​បង្ហោះ​តាម​ហ្វេសប៊ុក​ដៀមដាម​ផ្លែផ្កា​ដាក់​គូបដិបក្ខ​របស់​ខ្លួន​នៅ​អូស្ត្រាលី ជា​របៀប​គំរាម​ប្រមាថ​ជីវិត​ទៀត​ផង។

ក្នុង​ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា បង្កើន​សកម្មភាព​យុទ្ធនាការ​ពង្រីក​វត្តមាន​នៅ​បរទេស ក្រុម​អ្នក​តាមដាន​ក៏​បាន​លើក​យក​ការ​មន្ទិល​សង្ស័យ​មិនទាន់​មាន​ភស្តុតាង ថា​តើ​ការ​ប្រើប្រាស់​ថវិកា​បរិច្ចាគទាន​ដល់​វត្តអារាម ដល់​ពិធី​បុណ្យ​កឋិន បុណ្យ​ផ្កា​សាមគ្គី បុណ្យ​សព​សមាជិក ដល់​ពិធី​ជប់លៀង ការ​បើក​មុខរបរ ឬ​សមាគម​នោះ ជា​វិធី​បង្វែង​ដាន​លុបដាន​ការ​លាង​លុយ​កខ្វក់ ឬ​យ៉ាង​ណា។ តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​អូស្ត្រាលី ABC ខែ​តុលា ឆ្នាំ​២០១៨ សមាជិក​ក្រុម​គ្រួសារ និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ជាប់​ឈ្មោះ​ក្នុង​ការ​មន្ទិល​សង្ស័យ​ច្រើន​ជាងគេ​អំពី​រឿង​ទិញ​អចលនទ្រព្យ​នៅ​អូស្ត្រាលី៖

  • ហ៊ុន តូ និង​ភរិយា​ជនជាតិ​ថៃ ជាក់គី ធីតៀន (Jackie Thy Tien) ទិញ​ភូមិគ្រឹះ​នៅ​ក្រុង​ម៉ែលប៊ន តម្លៃ​ប្រមាណ ១​លាន ៣​សែន​ដុល្លារ។
  • ហ៊ុន ម៉ាណា និង​ស្វាមី ឧត្តមសេនីយ៍ឯក​ប៉ូលិស ឌី វិជ្ជា មាន​ដី​សម្រាប់​ឃ្លាំង​ទំនិញ​មុខរបរ​លក់​ម៉ូតូ​តម្លៃ​ជាង ១​លាន ៣​សែន​ដុល្លារ និង​ភូមិគ្រឹះ​តម្លៃ ១​លាន ៥​សែន​ដុល្លារ។ មុខរបរ​របស់​ត្រកូល ហ៊ុន មាន​តម្លៃ​សរុប​ប្រមាណ ១០​លាន​ដុល្លារ។ នៅ​ប្រទេស​កម្ពុជា ឌី វិជ្ជា និង ហ៊ុន ម៉ាណា មាន​សម្បត្តិ​ទ្រព្យ​តម្លៃ​ប្រមាណ ៦៦​លាន​ដុល្លារ។
  • ហ៊ុន តូ និង ជាក់គី ធីតៀន មាន​សម្បត្តិ​ទ្រព្យ​តម្លៃ​ប្រមាណ ៧​លាន​ដុល្លារ។
  • ក្រៅពី​ត្រកូល ហ៊ុន មន្ត្រី​រាជរដ្ឋាភិបាល​ក្រោម​បង្គាប់​លោក ហ៊ុន សែន ដូចជា​លោក គង់ វិបុល នៃ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ធ្លាប់​មាន​ឈ្មោះ​ជំពាក់ជំពិន​ក្នុង​រឿង​ដីធ្លី​តម្លៃ​ជាង ២១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៧។

នៅ​សហរដ្ឋ​អាមេរិក​វិញ រឿង​យក​លុយ​ទិញ​អចលនទ្រព្យ ឬ​បើក​មុខរបរ​អាជីវកម្ម​ផ្ទាល់ខ្លួន មិនទាន់​មាន​ឈ្មោះ​ត្រកូល ហ៊ុន ដូច​នៅ​ប្រទេស​អូស្ត្រាលី នៅឡើយ​ទេ។ បើ​ទោះ​ជា​មាន ក៏​មាន​តាមរយៈ​មនុស្ស​ផ្សេង​ឈរ​ឈ្មោះ​ឲ្យ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ក៏ដោយ នៅ​សហរដ្ឋ​អាមេរិក​នោះ​ដែរ អ្នក​ដឹកនាំ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន បង្កើន​សកម្មភាព​សប្បុរសធម៌​ខាង​សង្គមកិច្ច​ចំ​សមាជិក​បក្ស។

ក្នុង​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ៖

  • លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ឲ្យ​ឈ្មោះ ងួន រស្មី ប្រធាន​រដ្ឋបាល​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័នីញ៉ា ឆ្នេរ​ខាងលិច ក្នុង​នាម​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។
  • ម៉ឹង ពន្លក ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ឲ្យ​ឈ្មោះ តុប គីមសាយ ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​សាខា​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន ក្នុង​នាម​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក។
  • ម៉ឹង ពន្លក ក៏​បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ឲ្យ​ឈ្មោះ ឧកញ៉ា ប៉ោ សួន ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​រដ្ឋ​នេវ៉ាដា (Nevada)។
  • ម៉ឹង ពន្លក ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ឲ្យ​ឈ្មោះ ហម សុវណ្ណពេជ្រ សមាជិក​ក្រុម​ការងារ​បដិសណ្ឋារកិច្ច​នៃ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​រដ្ឋ​នេវ៉ាដា ឆ្នេរ​ខាងលិច។
  • ម៉ឹង ពន្លក ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ឲ្យ​ឈ្មោះ ឈុំម សារាសាឫទ្ធិ ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង Rochester រដ្ឋ Minnesota។

ភាគ​បន្ត សូម​ជូន​នៅ​សប្តាហ៍​ក្រោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស