31 C
Phnom Penh

កុបកម្ម​ទម្លាក់​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង ផ្ដើម​ទៅជា​ការ​ប្រឆាំង​ឥទ្ធិពល​ចិន​លើ​ដែន​កោះ​មួយ​នេះ

បទវិភាគ

ក្រោយពី​ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចុះ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​ដាច់ខាត។ លោក​នាយករដ្ឋមន្ត្រី​ចោទ​ថា កុបកម្ម​ជាច្រើន​ថ្ងៃ​មកនេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ទៅកាន់​ប្រជាជាតិ​ទាំងមូល លោក​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង Manasseh Sogavare បាន​និយាយ​ថា កុបកម្ម​ដែល​កើត​នៅ​ទីក្រុង​ហូនីញ៉ារ៉ា ត្រូវ​បាន​រៀបចំ​គ្រោងទុក និង​ដើម្បី​បង្ខំ​រូបលោក​ឱ្យ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដែល​លោក​ថា​គ្មាន​ហេតុផល​ត្រឹមត្រូវ​ឡើយ។ លោក​បាន​ប្រាប់​ប្រជាជន​របស់​លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​សច្ចា​ថា​នឹង​មិន​ចុះចាញ់​ចំពោះ​សកម្មភាព​របស់​មនុស្ស​ក្រុម​នេះ​ទេ។

បើ​តាម​សារព័ត៌មាន Sputnik របស់​ប្រទេស​រុស្ស៊ី លោក Manasseh Sogavare បាន​ព្រលយ​ពាក្យ​ថា ការ​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង គឺ​អាច​មកពី​លោក​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ដែន​កោះ​តៃវ៉ាន់ ដោយ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​តៃវ៉ាន់​មិន​សប្បាយ​ចិត្ត។

កោះ​សូឡូម៉ុង មាន​ប្រជាជន​ជាង ៨០​ម៉ឺន​នាក់។

ប្រជាជន​ដែន​កោះ​នេះ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​វិច្ឆិកា។ ប្រជាជន​ជាច្រើន​នៃ​តំបន់​កោះ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ចោទ​រដ្ឋាភិបាល​របស់​លោក Manasseh Sogavare ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ជំពាក់គុណ​ចិន និង​បម្រើ​ផលប្រយោជន៍​ចិន។

ក្រុម​បាតុករ​បាន​បញ្ចេញ​កំហឹង​ដោយ​បាន​ដុត​អគារ​រដ្ឋសភា និង​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី Manasseh។ បាតុករ​បាន​ក្លាយ​ជា​កុបកម្ម​រីក​រាលដាល​រហូត​ស្វែងរក​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​ចិន មាន​នៅ​លើ​ដែន​កោះ​មួយ​នេះ​ថែម​ទៀត។

លោក Tan Jingquan គឺជា​លេខាធិការ​នៃ​សមាគម​ចិន និង​សូឡូម៉ុង បាន​ប្រាប់​កាសែត​របស់​ចិន Global Times ថា ពួក​កុបករ​បាន​វាយ​បំផ្លាញ​ហាងទំនិញ​របស់​ជនជាតិ​ចិន យ៉ាង​តិច ១០០​កន្លែង ហើយ​បង្ខំ​ឱ្យ​ពលរដ្ឋ​ចិន ចាកចេញ​ពី​ដែន​កោះ​នេះ​ជាបន្ទាន់។ ពលរដ្ឋ​ចិន ដែល​មាន​នៅ​លើ​ដែន​កោះ​នេះ​មាន​ចំនួន​ប្រមាណ ៣​ពាន់​នាក់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក ហ្សាវ លីជាំង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​ប៉េកាំង ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កោះ​សូឡូម៉ុង ចាត់​វិធានការ​ចាំបាច់​គ្រប់​យ៉ាង ដើម្បី​ធានា​សន្តិសុខ​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ដែល​មាន​នៅ​លើ​ដែន​កោះ​នេះ។

យ៉ាងណា ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​ប៉ូលិស។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​បាញ់​គ្រាប់កាំភ្លើង​ពិត​ឡើង​លើ ដើម្បី​ជា​ការ​ព្រមាន។ នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង បាន​លើកឡើង​ថា កុបកម្ម​បាន​កើតឡើង​ដោយ​មាន​ក្រុម​មនុស្ស​ដើរ​បំប៉ោង​បំភ្លៃ​ព័ត៌មាន កៀរគរ​ប្រជាជន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ចិន។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី អំពើ​ហិង្សា​បាន​ផ្ដោត​ខ្លាំង​លើ​ទីក្រុង Chinatown នៅ​រដ្ឋធានី​ហូនីញ៉ារ៉ា បាន​ធ្វើ​ឲ្យ​កោះ​សូឡូម៉ុង ខាតបង់​ប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ។

ទីក្រុង​ហូនីញ៉ារ៉ា បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​បាតុករ​រាប់​ពាន់​នាក់ ពិសេស​ការ​ដុត​អគារ​ជាច្រើន និង​ការ​វាយ​សម្រុក​ចូល​សង្កាត់​ដែល​ពលរដ្ឋ​ចិន​រស់នៅ​ច្រើន។ រូបភាព​ដែល​គេ​បាន​ឃើញ​នៅ​កោះ​សូឡូម៉ុង ពិសេស​ក្នុង​ទីក្រុង​ហូនីញ៉ារ៉ា គឺ​អណ្ដាតភ្លើង​ឆាបឆេះ​អគារ និង​ផ្សែង​ខ្មួលខ្មាញ់​បាញ់​ទៅ​លើ​មេឃ។ ទន្ទឹម​នឹង​ការ​ដុត​បំផ្លាញ​ហាងទំនិញ​របស់​ជនជាតិ​ចិន ក្រុម​បាតុករ​ក៏​បាន​សម្រុក​ចូល​ទៅ​សង្កាត់​ដែល​សម្បូរ​ដោយ​ប្រជាជន​ចិន​រស់នៅ ក្នុង​ទីតាំង​ផ្សេងៗ​គ្នា។ ពួកគេ​បាន​ដុត​ប៉ុស្តិ៍​ប៉ូលិស និង​ចូល​យក​សម្ភារៈ​ទំនិញ​ក្នុង​ហាង​នានា។

អ្វី​ដែល​ក្រុម​បាតុករ​ចង់​បាន គឺ​ការ​ចុះចេញ​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី លោក Manassah Sogavare ដែល​បាតុករ​ចោទ​ថា​ជា​មេដឹកនាំ​អាយ៉ង​ចិន។

មេ​បក្ស​ប្រឆាំង លោក Matthew Wale បាន​ជំរុញ​ឲ្យ​លោក Manassah ចុះ​ពី​តំណែង​ដោយ​ព្រមាន​ថា បាតុកម្ម​នឹង​មិន​បញ្ចប់​ឡើយ ទោះ​ជា​មាន​ការ​ដាក់​បម្រាម​គោចរ និង​ការ​ពង្រាយ​កម្លាំង​ប៉ូលិស​ក៏ដោយ។

ការ​ផ្ទុះ​បាតុកម្ម​របស់​ប្រជាជន​កោះ​សូឡូម៉ុង បាន​កើតឡើង​ក្រោយ​ពី​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Manassah កាលពី​ឆ្នាំ​២០១៩ បាន​ផ្ដាច់​ចំណង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​ងាក​ទៅ​ទទួលស្គាល់​ចិន​ដីគោក​តែ​មួយ​តាម​ផ្លូវ​ទូត​វិញ គឺ​គោរព​គោល​នយោបាយ​ចិន​តែ​មួយ ខណៈ​ដែន​កោះ​នេះ​ដែល​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​កាលពី​ឆ្នាំ​១៩៧៨ បាន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ តាំងពី​ឆ្នាំ​១៩៨៣ មក​ម្ល៉េះ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា ចាប់ពី​ពេលនេះ​ទៅ ដែន​កោះ​មួយ​នេះ​នឹង​មិន​មាន​សន្តិភាព​ផ្លូវចិត្ត​នោះ​ទេ ព្រោះ​កំហឹង​ជាតិសាសន៍ និង​ជាតិនិយម បាន​ស្ដែង​តាមរយៈ​នៃ​ការ​ប្រឆាំង​ឥទ្ធិពល​ចិន នៅ​លើ​ដែន​កោះ​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស