និស្សិតនៃសាកលវិទ្យាល័យ Yadanar Pon ក្នុងប្រទេសភូមា បាននាំគ្នាយករូបមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទៅជាន់ឈ្លី និងដុតចោលតាមទីសាធារណៈ បន្ទាប់ពីបុរសខ្លាំងរូបនេះប្ដេជ្ញាទៅជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារបង្ហូរឈាមភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅដើមខែមករា ខាងមុខនេះ។
និស្សិតនៃសាកលវិទ្យាល័យក្នុងប្រទេសភូមា បាននាំគ្នាសម្ដែងការមិនពេញចិត្តកាលពីដើមសប្តាហ៍នេះថា ការប្ដេជ្ញារបស់លោក ហ៊ុន សែន គ្រោងទៅជួបជាមួយប្រធានក្រុមភេរវករភូមា លោក មីន អ៊ុងឡាំង នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនមានគម្រោងជួបជាមួយរដ្ឋាភិបាលឈ្នះឆ្នោត អ្នកស្រី អ៊ុងសាន ស៊ូជី ដែលតំណាងឱ្យប្រជាជនពិតប្រាកដ មិនមែនជាហេតុផលនៃការកាត់បន្ថយជម្លោះអំពើភេរវកម្មនៅប្រទេសភូមា នោះទេ។

ប្រភពដដែលរិះគន់ថា ការប្រកាសរបស់លោក ហ៊ុន សែន ទៅជួបតែមេដឹកនាំផ្ដាច់ការយោធាភូមា លោក មីន អ៊ុងឡាំង នេះ គឺជាការលើកទឹកចិត្តឱ្យរបបសឹកភូមា កាន់កាប់អំណាចខុសច្បាប់កាន់តែខ្លាំងឡើងប៉ុណ្ណោះ ហើយក៏ជាការគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិដែលកំពុងតែកើតឡើងនៅភូមា នៅពេលនេះផងដែរ។
ក្រុមនិស្សិតភូមាទាំងនោះបញ្ជាក់ថា របបផ្ដាច់ការយោធាបានប្រព្រឹត្តអំពើឃោរឃៅជាទីបំផុតលើប្រជាជនភូមា ដែលស្ទើរតែមិនអាចប្រៀបធៀបទៅនឹងការរំលោភបំពានសិទ្ធិមនុស្សជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកបាន ដូច្នេះប្រសិនបើមេដឹកនាំកម្ពុជានៅតែបន្តព្យាយាមទំនាក់ទំនងជាមួយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ដោយគ្មានវត្តមានអ្នកស្រី អ៊ុងសាន ស៊ូជី នោះ សេចក្តីថ្លៃថ្នូររបស់អាស៊ាននឹងធ្លាក់ចុះជាមិនខាន។

ប្រតិកម្មពីនិស្សិតសាកលវិទ្យាល័យភូមាទាំងនេះ ធ្វើឡើងដើម្បីបង្ហាញអំពីតវ៉ារបស់ពួកគេទៅនឹងការប្ដេជ្ញាចិត្តរបស់មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន ដែលសន្យាថានឹងទៅជួបមេដឹកនាំផ្ដាច់ការភូមា នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងថា លោកនៅតែរក្សាជំហរទៅដោះស្រាយវិបត្តិនៅប្រទេសភូមាដដែល ដូច្នេះលោកអំពាវនាវសុំឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទុកឱកាសឱ្យលោកធ្វើការនេះឱ្យបានរួចរាល់។ លោកបញ្ជាក់ថា បើដោះស្រាយបាន ឬមិនបាន ក៏មិនគួរនាំគ្នាបន្ទោសលោកដែរ ព្រោះការសម្រេចចិត្តធ្វើបែបនេះ ដោយសារតែកម្ពុជាត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានតែប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ធ្នូ នេះថា កិច្ចការរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ដែលនឹងត្រូវដោះស្រាយវិបត្តិនៅភូមា គឺត្រូវយល់ឲ្យច្បាស់អំពីភារកិច្ចរបស់ខ្លួនថា មិនមែនទៅទីនោះដើម្បីជួយមេដឹកនាំផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ឱ្យរួចទោសពីអំពើរដ្ឋប្រហារបង្ហូរឈាមរបស់ពួកគេនោះទេ ប៉ុន្តែគាត់ត្រូវជំរុញឱ្យរបបសឹកនោះស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីស្ដារស្ថានភាពប្រទេសភូមាឱ្យល្អប្រសើរជាងពេលបច្ចុប្បន្ននេះ លោក ហ៊ុន សែន ត្រូវតែជួបជាមួយមេដឹកនាំយោធាផ្ដាច់ការភូមាផង និងមេដឹកនាំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ផង នោះទើបអាចរកចំណុចរួមដើម្បីបន្ធូរភាពតានតឹងនៅភូមាបាន។ បើមិនដូច្នោះទេ នោះបេសកកម្មរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា នៅដើមឆ្នាំ២០២២ ខាងមុខនេះ នឹងនាំកំហឹងរបស់ពលរដ្ឋភូមាមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីកុំឱ្យតួនាទីជាប្រធានអាស៊ានរបស់លោក ហ៊ុន សែន បរាជ័យដូចឆ្នាំ២០១២ ទៀត លោក ហ៊ុន សែន ត្រូវតែរក្សាជំហរក្នុងនាមប្រធានអាស៊ាន ជំរុញឱ្យមេដឹកនាំយោធាផ្ដាច់ការភូមា អនុវត្តតាមលក្ខខណ្ឌទាំង ៥ចំណុចរបស់អាស៊ានដែលបានអនុម័តសម្រាប់ភូមា កាលពីពេលកន្លងទៅ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ក្នុងជំនួបរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅដើមឆ្នាំ២០២២ នោះ ទំនងជាបុរសខ្លាំងនៅកម្ពុជានឹងណែនាំឱ្យមេរដ្ឋប្រហារយោធាភូមាឱ្យបំបែកបំបាក់កម្លាំងអ្នកស្រឡាញ់ប្រជាធិបតេយ្យ បង្កើតការបោះឆ្នោតជាតិបន្លំភ្នែកអន្តរជាតិមួយដែលធ្វើឡើងក្រោមការរៀបចំរបស់មេរដ្ឋប្រហារយោធាភូមា ជាជាងការដោះស្រាយវិបត្តិជូនពលរដ្ឋភូមា ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីរបបសឹកនៅពេលនេះ៕