31 C
Phnom Penh

តុលាការ​ក្រុង​ភ្នំពេញ​ផ្អាក​សវនាការ​បន្ទាប់ពី​កញ្ញា សេង ធារី បដិសេធ​ឆ្លើយ​សំណួរ​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​សវនាការ​សួរ​ដេញដោល​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ គឺ​កញ្ញា សេង ធារី បន្ទាប់ពី​កញ្ញា​បដិសេធ​ឆ្លើយ​សំណួរ​ចៅក្រម​បន្ត​ទៀត ដោយ​សំណួរ​ដែល​ចៅក្រម​សួរ​នោះ​មិន​មាន​នៅ​ក្នុង​ភស្តុតាង​ដែល​កញ្ញា​ទទួល​បាន​ពី​តុលាការ។

ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើក​សវនាការ​សំណុំរឿង «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «រួម​គំនិត​ក្បត់» លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន រួម​ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាង ៤០​នាក់​នៅ​ថ្ងៃ​អង្គារ ទី​២៨ ធ្នូ នេះ។

សវនាការ​នេះ​មាន​ចៅក្រម ៣​រូប ដោយ​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ខណៈ​ជន​ជាប់ចោទ​ត្រូវ​សួរ​ដេញដោល​មាន​ចំនួន ១៣​នាក់។ ជន​ជាប់ចោទ​ទាំង ១៣​នាក់​នោះ​មាន​កញ្ញា សេង ធារី លោក សម រង្ស៊ី លោក អ៊ីសា ឧស្មាន លោក អ៊ុំ សំអាន លោក ឡុង រី លោក ហូ វ៉ាន់ លោក ម៉ោញ សារ៉ាត់ និង​អ្នកស្រី មូរ សុខហួរ ជាដើម ប៉ុន្តែ​សវនាការ​នេះ ចៅក្រម​សួរ​តែ​កញ្ញា សេង ធារី ម្នាក់​ប៉ុណ្ណោះ ខណៈ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន ១២​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​នៅឡើយ។

អំឡុង​ពេល​សវនាការ ចៅក្រម​បាន​សួរ​ដេញដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ការ​បង្កើត​ចលនា​នៅ​ក្រៅ​ប្រទេស និង​សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​នាំ​ឱ្យ​ពលរដ្ឋ និង​កងកម្លាំង​ងើប​ឡើង​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ជាដើម។

ក្រៅពី​សួរ​ទំនាក់ទំនង​នោះ ចៅក្រម​បាន​សួរ​កញ្ញា សេង ធារី អំពី​សារ​ដែល​កញ្ញា​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា ការ​វិលត្រឡប់​មក​កម្ពុជា​របស់​កញ្ញា​ក្នុង​គោលបំណង​ធ្វើ​ផែនការ​មួយ​ចំនួន​ដែល​បាន​រៀបចំ​ទុក​រួច​ទៅ​ហើយ។ បើ​តាម​ចៅក្រម ផែនការ​មួយ​ចំនួន​នោះ​មាន​ការ​បង្កើត​សារព័ត៌មាន​ប្រឆាំង និង​ប្រមូល​កម្មករ​ធ្វើ​បាតុកម្ម ការ​ប្រឆាំង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ឬ​ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ជាដើម។

ប៉ុន្តែ​សំណួរ​ដែល​ចៅក្រម​សួរ​នេះ ត្រូវ​បាន​កញ្ញា សេង ធារី បដិសេធ ដោយ​កញ្ញា​លើកឡើង​ថា ជា​សំណួរ​មិន​មាន​នៅ​ក្នុង​អង្គហេតុ​ដែល​កញ្ញា​ទទួល​បាន​ពី​តុលាការ​ឡើយ ហើយ​អង្គហេតុ​នេះ​វា​ថ្មី​ពេក​សម្រាប់​កញ្ញា ទោះបីជា​ចៅក្រម​ទុក​ពេល ៥ ទៅ ១០​នាទី ក៏​កញ្ញា​ពិបាក​ឆ្លើយ​ដែរ។ ដូច្នេះ កញ្ញា​សុំ​មិន​ឆ្លើយ​សំណួរ​ចៅក្រម​បន្ត​ទៀត​ឡើយ ដោយ​រង់ចាំ​ទទួល​បាន​ឯកសារ និង​ភស្តុតាង​ពី​តុលាការ​បន្ថែម​ដែល​យក​មក​ដាក់​បន្ទុក​ចោទ​សួរ​កញ្ញា​ទាំងអស់​ជា​មុន​សិន។

លើស​ពី​នេះ កញ្ញា​អះអាង​ថា ចៅក្រម​ក៏​មិន​អាច​បង្ខំ​ឱ្យ​កញ្ញា​ឆ្លើយ​សំណួរ​ផ្សេង​បាន​ដែរ ព្រោះ​ជា​ការ​រំលោភ​សិទ្ធិ ខណៈ​សំណួរ​ចៅក្រម​សួរ​នោះ​អាច​ប្រទាក់​គ្នា​ជាមួយ​នឹង​ភស្តុតាង​ដែល​កញ្ញា​មិន​មាន។

កញ្ញា សេង ធារី បញ្ជាក់​ថា ភស្តុតាង និង​ឯកសារ​ថត​ចម្លង​ដែល​កញ្ញា​ទទួល​បាន​ពី​តុលាការ​កន្លងមក​មាន​ដូចជា ដីកា​សន្និដ្ឋាន​បញ្ជូន​សំណុំរឿង​ទៅ​ស៊ើបសួរ ដីកា​សន្និដ្ឋាន​ស្ថាពរ និង​ដីកា​បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ​តែប៉ុណ្ណោះ។

កញ្ញា សេង ធារី ស្នើ​ទៅ​ចៅក្រម​ឱ្យ​ពន្យារពេល​សវនាការ ដោយ​រង់ចាំ​ពេល​ដែល​កញ្ញា​ទទួល​បាន​ឯកសារ និង​ភស្តុតាង​ដែល​ចៅក្រម​យក​មក​សួរ​នោះ​ជា​មុន​សិន ដើម្បី​ឱ្យ​កញ្ញា​មាន​ពេលវេលា​សិក្សា​ស្រាវជ្រាវ និង​ជជែក​ជាមួយ​អ្នក​ច្បាប់​សិន។

ឆ្លើយតប​នឹង​កញ្ញា សេង ធារី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក រស់ ពិសិដ្ឋ បាន​លើកឡើង​ថា សំណួរ​ដែល​ចៅក្រម​សួរ​នោះ​មាន​នៅ​ក្នុង​សំណុំរឿង​ទាំងអស់។ លោក រស់ ពិសិដ្ឋ និយាយ​ទៀត​ថា មូលហេតុ​ដែល​កញ្ញា សេង ធារី មិន​ទទួល​យក​បាន ដោយសារ​តែ​កញ្ញា​មិនព្រម​ទទួល​យក​មេធាវី​ដែល​តុលាការ​ចាត់តាំង​ឱ្យ និង​មិន​បាន​ទាក់ទង​ជាមួយ​មេធាវី ៤​នាក់​នោះ ទើប​មិន​ទទួល​បាន​ឯកសារ ឬ​ភស្តុតាង​ពី​តុលាការ។

ចំណែក​តំណាង​អយ្យការ លោក សេង ហៀង និយាយ​ថា កញ្ញា សេង ធារី មិន​បាន​ពិនិត្យ​មើល​ច្បាប់​ប្រទេស​កម្ពុជា​ឡើយ ទើប​យក​ច្បាប់​អន្តរជាតិ​មក​គ្រប​លើ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទៅវិញ​នោះ។

ការ​ឡើង​នេះ បន្ទាប់ពី​កញ្ញា សេង ធារី ដែល​ជា​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ ដកស្រង់​យក​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​មក​ភ្ជាប់​ជាមួយ​រដ្ឋធម្មនុញ្ញ រួម​ទាំង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ផង​ដែរ។

ដោយ​មាន​ភាព​ចម្រូងចម្រាស​អំឡុង​ពេល​សវនាការ​រវាង​តំណាង​អយ្យការ និង​កញ្ញា សេង ធារី នោះ ចៅក្រម​ប្រកាស​សម្រាក​រយៈពេល ១០​នាទី ដោយ​ចៅក្រម​ថា​បន្ថយ​ភាព​តានតឹង។ ក្រោយ​ពេល​សម្រាក ចៅក្រម​បាន​សួរ​កញ្ញា សេង ធារី ម្ដង​ទៀត​ថា តើ​កញ្ញា​អាច​ឆ្លើយ​សំណួរ​បាន​ឬ​ទេ ប៉ុន្តែ​កញ្ញា​បដិសេធ​ថា​មិន​អាច​ឆ្លើយ​ទៀត​បាន​ឡើយ។

ក្រោយ​ពី​មាន​ការ​បដិសេធ​នោះ ប្រធាន​ក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ បាន​សម្រេច​ផ្អាក​សវនាការ​ទៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ ដោយ​ថា​ដើម្បី​ទុក​ឱកាស​ឱ្យ​កញ្ញា សេង ធារី ថត​ចម្លង​ឯកសារ និង​ពិនិត្យ​ភស្តុតាង ហើយ​យក​ទៅ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​ទៀត។

កញ្ញា សេង ធារី ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​ចេញពី​បន្ទប់​សវនាការ​ថា កញ្ញា​នឹង​បន្ត​កំដរ​សវនាការ​ឆាក​ល្ខោន​នយោបាយ​នេះ​ឱ្យ​ដល់​ទីបំផុត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស