27 C
Phnom Penh

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង អ្នកស្រី ប៉ាក ហ្គឺនហេ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង អ្នកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ចេញពី​ពន្ធនាគារ​ទាំង​កណ្តាល​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ធ្នូ នេះ។ ការ​ដោះលែង​នេះ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នកស្រី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​លោក​ប្រធានាធិបតី មូន ចេអ៊ីន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ នេះ។

កាលពី​សប្តាហ៍​មុន​នេះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូន ចេអ៊ីន បាន​សម្រេច​ផ្តល់​ការ​លើកលែង​ទោស​ពិសេស​មួយ​ដល់​អ្នកស្រី ប៉ាក ហ្គឺនហេ ដោយ​យោង​លើ​មូលហេតុ​ចម្បងៗ​ចំនួន​២ គឺ​អ្នកស្រី​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​ដើម្បី​ជា​សញ្ញា​បង្ហាញ​អំពី​ការ​រួបរួម​ជាតិ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​អាណត្តិ​ថ្មី នឹង​ឈាន​ចូល​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់ៗ គឺ​នៅ​ខែ​មីនា ឆ្នាំ​២០២២។

កាលពី​ខែ​មករា ដើម​ឆ្នាំ​២០២១ តុលាការ​កំពូល​កូរ៉េ​ខាងត្បូង បាន​ទម្លាក់​ចោល​នូវ​ការ​ផ្ដន្ទាទោស​អ្នកស្រី ប៉ាក ហ្គឺនហេ ដាក់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ពី​បទ​ពុករលួយ ដោយ​ផ្តល់​ឱកាស​ជា​លើកដំបូង​ឲ្យ​អ្នកស្រី​បញ្ចប់​ដំណើរការ​តតាំង​តាម​ផ្លូវ​ច្បាប់ ដែល​កាលណោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អ្នកស្រី​អាច​នឹង​ទទួល​បាន​ការ​លើកលែង​ទោស។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូន ចេអ៊ីន បាន​ថ្លែង​ថា ដើម្បី​ពង្រឹង​ការ​ឯកភាព​ជាតិ គឺ​ការ​លើកលែង​ទោស​ជូន​អ្នក​នយោបាយ​ជា​ការ​ចាំបាច់។ លោក​ប្រធានាធិបតី​បាន​សម្រេច​កាន់​ស្លាបប៉ាកកា​ចុះហត្ថលេខា​លើកលែង​ទោស​អ្នកស្រី ប៉ាក ហ្គឺនហេ ឱ្យ​មាន​សេរីភាព​ឡើងវិញ​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ក្រោម​ទស្សនៈ​មួយ​ដែល​លោក​បាន​បញ្ចេញ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​ហៅថា​វិមាន​ខៀវ គឺជា​ការ​អត់ឱន ការ​ខន្ដី​នៅ​ជាមួយ​នឹង​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ហើយ​សំដៅ​ធ្វើ​ឱ្យ​កូរ៉េ​ខាងត្បូង​មាន​ការ​ឯកភាព​ជាតិ​មួយ​រឹងមាំ​ក្នុង​ស្ថានភាព​នា​ពេលនេះ​ដែល​ចាំបាច់​បំផុត។

នេះ​ជា​សម្ដី​របស់​លោក មូន ចេអ៊ីន ដែល​ស្រង់​មក​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន NK NEWS។ ទស្សនៈ​របស់​លោក មូន ចេអ៊ីន ក្នុង​នាម​លោក​ជា​ប្រធានាធិបតី ធ្វើ​ឱ្យ​មាន​ការ​រន្ធត់​ចិត្ត​ជា​ខ្លាំង និង​មាន​ការ​អបអរ​សាទរ​ចំពោះ​ជន​រួម​ជាតិ​កូរ៉េ​ខាងត្បូង ដែល​ភាគច្រើន​ចង់​បាន​ការ​ឯកភាព​ជាតិ​ឡើងវិញ​ក្នុង​កាលៈទេសៈ​ដែល​រួម​កម្លាំង​គ្នា​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដែល​កើត​មាន​លើ​សង្គម​កូរ៉េ​ខាងត្បូង។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ គឺ​លោក មូន ចេអ៊ីន បាន​ចុះ​ក្រឹត្យ​មួយ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​មួយ​នេះ ដោយ​ធ្វើ​ការ​លើកលែង​ទោស​ដ៏​ភ្ញាក់ផ្អើល​ជូន​ដល់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង គឺ​អ្នកស្រី ប៉ាក ហ្គឺនហេ ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ រួម​នឹង​អ្នកទោស ២០៩៤​នាក់​ផ្សេង​ទៀត។

ក្នុង​ចំណោម​អ្នកទោស​ត្រូវ​បាន​លើកលែង​ទោស គឺ​អ្នក​តំណាងរាស្ត្រ​ម្នាក់​ទៀត​ដែល​ស្និទ្ធ​នឹង​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង ក៏​ទទួល​បាន​ការ​លើកលែង​ទោស​ផង​ដែរ គឺ​លោក Lee Seok-ki។ អតីត​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​បាន​កាត់ទោស​កាលពី​ឆ្នាំ​២០១៤ ឱ្យ​មាន​ទោស​ជិត ១០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​មាន​ផែនការ​បង្កើត​កម្លាំង​ឧទ្ទាម​ផ្ដួល​រំលំ​រដ្ឋាភិបាល។

យ៉ាងណា គេ​នៅ​រង់ចាំ​ការ​សម្រេច​មួយ​ទៀត​របស់​ប្រធានាធិបតី ដែល​រំពឹង​ថា​នឹង​បាន​ទទួល​សំណើ​សុំ​ឱ្យ​មាន​ការ​លើកលែង​ទោស​ផង​ដែរ​ដល់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ម្នាក់​ទៀត គឺ​លោក លី ម្យុងបាក់ (Lee Myung-bak)។

លោក លី ម្យុងបាក់ (Lee Myung-bak) អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង

លោក លី ម្យុងបាក់ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៧​ឆ្នាំ​ក្នុង​ករណី​ពុករលួយ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ រដ្ឋមន្ត្រី​យុត្តិធម៌​កូរ៉េ​ខាងត្បូង លោក Park Beom-kye បាន​ថ្លែង​ថា ស្ថានភាព​ក្នុង​ការ​លើកលែង​ទោស​រវាង​អ្នកស្រី ប៉ាក និង​លោក លី គឺ​ខុស​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ពិនិត្យ​បន្ថែម​ទៀត​លើ​ការ​លើកលែង​ទោស​អតីត​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ម្នាក់​ទៀត​នេះ។

អ្នក​សង្កេតការណ៍​គិត​ថា ការ​ដោះលែង​អ្នកស្រី ប៉ាក អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ ព្រោះ​អ្នក​គាំទ្រ​គណបក្ស​អំណាច​ប្រជាជន (PPP) បាន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកស្រី ប៉ាក មុន​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​មើល​ទៅ​បក្ស​នេះ​អាច​ត្រូវការ​សំឡេង​របស់​អ្នក​គាំទ្រ​អ្នកស្រី ប៉ាក។

ការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​ជា​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី​២០។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា តម្លៃ​យុត្តិធម៌​កើតឡើង​ជាមួយ​នឹង​ការ​អត់ឱន និង​ការ​ផ្សះផ្សា​ជាតិ គឺជា​រឿង​ចាំបាច់​សម្រាប់​អ្នក​នយោបាយ​ដែល​មាន​ការ​អាណិត​អាសូរ​គ្នា។

តាម​ទម្លាប់ ប្រធានាធិបតី​មុនៗ​កម្រ​នឹង​មាន​ការ​ធ្វើ​សេចក្ដី​សម្រេច​ដូច​លោក មូន ចេអ៊ីន ឡើយ ហើយ​ភាគច្រើន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​ដាក់​ឱ្យ​ចូល​និវត្តន៍ គឺ​សឹងតែ​ជៀស​ពុំ​រួច​នឹង​ការ​កាត់ទោស។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូន ចេអ៊ីន

ហេតុ​អ្វី​បាន​ជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ភាគច្រើន​មិន​អាច​រួច​ខ្លួន​ពី​អំណាច​របស់​តុលាការ?

លោក លី ម្យុងបាក់ អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មុន​អាណត្តិ​របស់​អ្នកស្រី ប៉ាក ហ្គឺនហេ ត្រូវ​បាន​រដ្ឋអាជ្ញា​កូរ៉េ​ខាងត្បូង​កោះហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ ទទួល​សំណូក​សូកប៉ាន់​នៅ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣។ ដីកា​កោះហៅ​លោក លី ម្យុងបាក់ ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​កូរ៉េ​ខាងត្បូង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទាំងអស់​សុទ្ធតែ​ជាប់​ក្នុង​សំណាញ់​របស់​តុលាការ ក្នុង​សំណុំរឿង​ពុករលួយ ពោល​គឺ​បើ​មិន​ត្រឹម​ជាប់​សង្ស័យ​ទេ ក៏​ត្រូវ​ជាប់​ចោទ ឬ​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ភាគច្រើន​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ឬ​ត្រូវ​ក្ស័យ​ជីវិត​នៅ​ក្រោយ​ពេល​ខ្លួន​អស់​អាណត្តិ​ជា​ប្រធានាធិបតី ជាពិសេស​នៅ​ពេល​ដែល​បក្ស​គូប្រជែង​របស់​ពួកគេ​ឡើង​កាន់​អំណាច​បន្ត។

លោក រ៉ូ មូយុន អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្រោយ​តុលាការ​នៅ​ក្នុង​អាណត្តិ​របស់​លោក លី ម្យុងបាក់ កោះហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពី​សំណុំរឿង​ពុករលួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​គ្រួសារ​សាច់ញាតិ​របស់​ប្រធានាធិបតី។ មាន​តែ​អ្នកស្រី ប៉ាក ហ្គឺនហេ មួយ​គត់​ត្រូវ​បាន​ទម្លាក់​ពី​អំណាច ខណៈ​អ្នកស្រី​កំពុង​កាន់​អំណាច​ណែន​ក្នុង​ដៃ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី។ អ្នកស្រី ប៉ាក បច្ចុប្បន្ន​មាន​វ័យ ៦៩​ឆ្នាំ។ អ្នកស្រី​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ពេល​កំពុង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៧ ដោយ​តុលាការ​ធម្មនុញ្ញ ជុំវិញ​រឿង​អាស្រូវ​ពុករលួយ និង​ការ​ឃុបឃិត​ជាមួយ​មនុស្ស​ជំនិត​ក្នុង​ការ​ទទួល​បាន​ប្រាក់​មូលនិធិ​រាប់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុម​គ្រួសារ។

ជា​ការ​កត់សម្គាល់ នៅ​កូរ៉េ​ខាងត្បូង ប្រធានាធិបតី​ទាំងអស់​សុទ្ធតែ​រង​ការ​ចោទប្រកាន់​ដោយ​តុលាការ​ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ នៅ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី បើ​សិន​មិន​ធ្វើ​ផ្ទាល់ ក៏​មាន​បងប្អូន​សាច់ញាតិ​ដែល​ប្រើ​អំណាច​របស់​ប្រធានាធិបតី​ដើម្បី​ទទួល​សំណូក​សូកប៉ាន់​ពី​ក្រុមហ៊ុន​ឯកជន។

លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​មកពី​គណបក្ស​ឆ្វេង​និយម ដែល​ធ្លាប់​ជា​គូប្រជែង​នៃ​គណបក្ស​ស្តាំ​និយម​របស់​លោក លី ម្យុងបាក់ និង​អ្នកស្រី ប៉ាក ហ្គឺនហេ គឺ​លោក​ធ្លាប់​បាន​សន្យា​កែ​កំហុស​ឆ្គង​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាងត្បូង ដែល​ពេល​នោះ​លោក​ជា​មេដឹកនាំ​បក្ស​ប្រឆាំង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស