27 C
Phnom Penh

បុគ្គលិក​ណាហ្គា​សុំ​ស្ថានទូត​ប្រទេស​លោកសេរី​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​តំណាង​និង​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​និង​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​ប្រទេស​មហាអំណាច​ធំៗ​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ឱ្យ​ស្ថានទូត​ទាំងនោះ​ជួយ​ជំរុញ និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដោះលែង​តំណាង ៨​នាក់​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ។

តំណាង​បុគ្គលិក និយោជិត និង​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ប្រមាណ ២៥​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ បាន​នាំគ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​បុគ្គលិក​កំពុង​ធ្វើ​កូដកម្ម​សរុប​ជាង ១​ពាន់​នាក់ ដាក់​ទៅ​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​ប្រទេស​កម្ពុជា។ ស្ថានទូត​ទាំងនោះ​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី សហភាព​អឺរ៉ុប និង​កាណាដា ដោយ​ការ​ដាក់​ញត្តិ​នេះ​ក្រោម​ការ​តាមដាន និង​ឃ្លាំមើល​ពី​ក្រុម​អាជ្ញាធរ​ផង​ដែរ។

បុគ្គលិក​ណាហ្គា​វើលដ៍ កញ្ញា ឧកសុភ័ក្រ មូលីកា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​ពួកគេ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ខាងលើ​នេះ ដោយសារ​ប្រទេស​ទាំងនោះ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គោរព​សិទ្ធិ​ការងារ ដែល​អាច​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អន្តរាគមន៍​បន្ត​ទៅ​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ដោះស្រាយ​វិវាទ​ការងារ និង​សំណើ​របស់​ពួកគាត់។

កញ្ញា​នៅតែ​ចាត់ទុក​ការ​ឃុំ​ខ្លួន និង​ចោទប្រកាន់​លើ​តំណាង​សហជីព​ទាំង ៨​នាក់​ពី​សំណាក់​តុលាការ​កម្ពុជា​នោះ ថា​ជា​រឿង​អយុត្តិធម៌។ ករណី​នេះ កញ្ញា​ស្នើ​ទៅ​ស្ថានទូត​ប្រទេស​លោកសេរី​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ និង​ជួយ​ឱ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ​ចំនួន ៨​នាក់​មក​វិញ។

កញ្ញា ឧកសុភ័ក្រ មូលីកា បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​បាន​ទទួល​យក​ញត្តិ​ពី​ពួកគាត់ លើកលែងតែ​ស្ថានទូត​អាមេរិក មិន​បាន​ចេញ​ទទួល​ញត្តិ​របស់​តំណាង​សហជីព​នោះ​ទេ ដោយសារតែ​ថ្ងៃ​ចន្ទ​នេះ​ជា​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ ប៉ុន្តែ​សន្តិសុខ​បាន​ប្រាប់​ឱ្យ​តំណាង​សហជីព​យក​ញត្តិ​របស់​ពួកគេ​មក​ដាក់​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​មន្ត្រី​សហភាព​អឺរ៉ុប​ក៏​បាន​សន្យា​នឹង​យក​បញ្ហា​របស់​ពួកគាត់​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទៀត។

ក្រោយពី​ដាក់​ញត្តិ ពួកគេ​បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទៀត​ទាំង​កណ្ដាល​ថ្ងៃ​នៅ​ជិត​ក្រុមហ៊ុន ទោះបី​មាន​ការ​ដាក់​របាំង​រារាំង និង​ការ​តាម​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ផ្នែក។ អំឡុង​ពេល​ធ្វើ​កូដកម្ម​នោះ ពួកគេ​លើកឡើង​ថា ពី​ជនរងគ្រោះ​ក្លាយ​ជា​អ្នក​ទោស​ដោយ​ការ​ប្រើប្រាស់​សិទ្ធិ​ការងារ។ ពួកគេ​បន្ត​ថា ពួកគេ​មាន​វិវាទ​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​មែន​ជាមួយ​រដ្ឋាភិបាល ឬ​តុលាការ ឬ​អាជ្ញាធរ​ឡើយ។ ករណី​នេះ ពួកគេ​ស្នើសុំ​កុំ​បង្កើត ឬ​លាប​ពណ៌​បញ្ហា​នេះ​ទៅ​ជា​រឿង​អ្វី​ផ្សេងៗ​នោះ។

ការ​មិន​ដោះស្រាយ​វិវាទ​ការងារ​រយៈពេល ៩​ខែ​មក​នេះ បង្ហាញ​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​បាតុករ ហើយ​ថែមទាំង​តុលាការ​ក្រុង​ភ្នំពេញ​បាន​ឃុំ​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព ៧​នាក់​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ អ្នក​ទាំង ៨​នាក់​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ១៨​ថ្ងៃ​ហើយ។

ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម (Facebook) ជាបន្តបន្ទាប់ ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព ៨​នាក់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លុប​ចោល​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្ដោះអាសន្ន ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ចាត់ទុក​ថា កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជា​កូដកម្ម​ខុស​ច្បាប់​នោះ​ចេញ​វិញ។

កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UN) បាន​លើក​ទឹកចិត្ត​ដល់​សកម្មជន​សង្គម​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​តាមផ្លូវ​តុលាការ ឱ្យ​បន្ត​ប្រើប្រាស់​សិទ្ធិ​ធ្វើ​កិច្ចការ​សង្គម​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់ ដោយ​សំអាង​ថា សកម្មភាព​សិទ្ធិមនុស្ស​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

លើស​នេះ កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (UN) ក៏​បាន​អំពាវនាវ​ចំៗ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កាត់ទោស​លើ​អ្នក​ហ៊ាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស