27 C
Phnom Penh

ក្រសួង​បរិស្ថាន​និង​អង្គការ​អន្តរជាតិ​ប្ដេជ្ញា​អភិរក្ស​ជីវចម្រុះ​និង​លើក​កម្ពស់​ជីវភាព​សហគមន៍​តំបន់​ការពារ​បឹង​ព្រែកល្ពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន អង្គការ​ជាតិ និង​អន្តរជាតិ ប្ដេជ្ញា​អភិរក្ស​ជីវចម្រុះ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ស្ថិតនៅ​ក្នុង​ស្រុក​បូរីជលសារ និង​ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ក្រសួង​បរិស្ថាន​បាន​សរសេរ​លើ​ទំព័រ Facebook ដោយ​ស្រង់​សម្ដី​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ថា​ការ​អនុវត្ត​សកម្មភាព​សំខាន់ៗ​ចំនួន ៤ ដើម្បី​ធ្វើការ​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ នោះ មាន​ដូចជា ការ​អភិរក្ស​ជីវចម្រុះ ការ​លើក​កម្ពស់​ជីវភាព​សហគមន៍ និង​អប់រំ​ផ្សព្វផ្សាយ រួម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​ផង​ដែរ។

លោក នេត្រ ភក្ត្រា បន្ថែម​ថា ការ​អភិរក្ស​ជីវចម្រុះ​ដោយ​ធ្វើការ​សាងសង់​ទីស្នាក់ការ​រង​មួយ​កន្លែង​សម្រាប់​ពង្រឹង​ការ​ល្បាត​នៅ​ក្នុង​តំបន់​សាងសង់​អាងទឹក​ទំហំ ១៦​ហិកតារ ដើម្បី​រក្សា​ទឹក​ទុក​ជា​អចិន្ត្រៃយ៍​សម្រាប់​ទ្រទ្រង់​ដល់​ពពួក​សត្វស្លាប​ទឹក ជាពិសេស​សត្វ​ក្រៀល រួម​ទាំង​ការ​ដាំ​ព្រៃលិចទឹក​ទំហំ ៥​ហិកតារ និង​ដាំ​មើម​ផ្លុង​ទំហំ ២៥​ហិកតារ ដែល​ជា​ចំណី​របស់​សត្វ​ក្រៀល និង​បាន​គ្រប់គ្រង​រុក្ខជាតិ​ប្រភេទ​រាតត្បាត ដូចជា​ប្រខ្លបយក្ស (Mimosa pigra) វល្លិ៍​រាតត្បាត និង​កំប្លោក ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា សកម្មភាព​លើក​កម្ពស់​ជីវភាព​សហគមន៍ គឺ​បង្កើត​ឱ្យ​មាន​ធនាគារ​ក្របី ដោយ​ប្រវាស់​ក្របី​ជាមួយ​ប្រជា​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ខណៈ​ការ​អប់រំ​ផ្សព្វផ្សាយ​នោះ បញ្ចូល​ដោយ​កម្មវិធី​អប់រំ​បរិស្ថាន និង​សត្វ​ក្រៀល​នៅ​តាម​សាលារៀន​គោលដៅ​ចំនួន ៣​កន្លែង ក្នុង​នោះ​មាន​សាលា​បឋមសិក្សា​សង្គម​មានជ័យ សាលា​បឋមសិក្សា​ក្ដុលជ្រុំ និង​សាលា​បឋមសិក្សា​បន្ទាយធ្លាយ។

ការ​អប់រំ​បរិស្ថាន និង​សត្វ​ក្រៀល​នៅ​តាម​សាលា​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​សិស្សានុសិស្ស​អំពី​សារសំខាន់​ជីវចម្រុះ ជាពិសេស​សត្វ​ក្រៀល​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ និង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត។

បើ​តាម​លោក នេត្រ ភក្ត្រា ថា​ក្នុង​ឆ្នាំ​២០២០ តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ មាន​ការ​កើន​ឡើង​នូវ​ប្រភេទ​ជីវចម្រុះ​មួយ​ចំនួន ជាពិសេស​សត្វ​ចង្កៀលខ្យង​ដែល​កើន​ឡើង​រហូត​ដល់​រាប់​ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាង​តិច​ចំនួន​ជាង ២​ពាន់ (២១៨៦) ខណៈ​កាលពី​ឆ្នាំ​២០០៣ មាន​ចំនួន​ជាង ១០០​ក្បាល​ប៉ុណ្ណោះ។

ប្រភព​បញ្ជាក់​ទៀត​ថា វត្តមាន​ប្រភេទ​សត្វស្លាប​ជិត​ផុត​ពូជ​ដូចជា​សត្វ​ចាបព្រៃវែង និង​ត្រដក់ធំ ករណី​នេះ​រដ្ឋាភិបាល​នឹង​បន្ត​ក្នុង​ការ​ការពារ និង​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់​នេះ​ជាមួយ​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ផែនការ​គ្រប់គ្រង ការ​បោះ​បង្គោល​ព្រំប្រទល់ ការ​ចុះបញ្ជី​ដី​រដ្ឋ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រៀបចំ​ឱ្យ​មាន​សកម្មភាព​ទេសចរណ៍​ធម្មជាតិ ជាដើម។

តំណាង​ឱ្យ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ និង​អង្គការ The Wildfowl & Wetlands Trust លោក ប៊ូ វរសក្ស បាន​ស្នើ​ទៅ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ពន្លឿន​នីតិវិធី​ក្នុង​ការ​បែងចែក​តំបន់​គ្រប់គ្រង​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ។ អង្គការ​នេះ​នឹង​បន្ត​គាំទ្រ​ការងារ​អភិរក្ស​តំបន់​ដី​សើម​ដ៏​មាន​សក្ដានុពល​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។

បើ​តាម​ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ គឺជា​តំបន់​ដី​សើម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តំបន់​មួយ​នេះ​មាន​ផ្ទៃដី​ទំហំ ៨៣០៥​ហិកតារ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ជាច្រើន​ប្រភេទ ក្នុង​មាន​សត្វស្លាប​ចំនួន ១៣២​ប្រភេទ និង​មច្ឆជាតិ​ចំនួន ១៣៨​ប្រភេទ រួម​ទាំង​រុក្ខជាតិ​ទឹក ៣០​ប្រភេទ​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស