35 C
Phnom Penh

ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​រក​ឃើញ​អ្នក​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ទឹកប្រាក់​ចំនួន ៨៩​លាន​ដុល្លារ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ខិលខូច​ដែល​បាន​ស៊ីឈ្នួល​ឈរ​ឈ្មោះ​បើក​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​កាត់កង​កេងបន្លំ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​មិន​តិច​ជាង ២០០​ក្រុមហ៊ុន​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​លោក ប៊ុន ឆ្លាត។

លោក​ថា អ្នក​បន្លំ​ឈរ​ឈ្មោះ​នេះ​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយ​ដែល​បុគ្គល​នោះ​មាន​ឈ្មោះ ប៊ុន ឆ្លាត ដែល​រូបគេ និង​បក្ខពួក​បាន​ចេញ​វិក្កយបត្រ​ចំនួន ៩៩២ ដែល​មាន​ទឹកប្រាក់​ពន្ធ​ចំនួន ៨៩​លាន​ដុល្លារ ដោយ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ផង​ដែរ។

បើ​តាម​លោក គង់ វិបុល ថា​ជន​ទាំងនោះ​បាន​បង្កើត​នូវ​វិក្កយបត្រ​ក្លែងក្លាយ​ដើម្បី​យក​មក​កាត់កង​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ជា​ប្រាក់​ពន្ធ​របស់​រដ្ឋ និង​ប្រើប្រាស់​វិក្កយបត្រ​នោះ​បន្លំ​ពន្ធ​លើ​ប្រាក់ចំណេញ​ដែល​ត្រូវ​បង់​ជូន​រដ្ឋ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន ឈ្មោះ ប៊ុន ឆ្លាត ដែល​បាន​បន្លំ​ពន្ធ​រដ្ឋ​អស់​រាប់​លាន​ដុល្លារ ស្ថិត​ក្នុង​ពន្ធនាគារ ដោយ​តុលាការ​កំពុង​ដំណើរការ​កាត់ទោស។ ករណី​នេះ ជា​ទោស​ឧក្រិដ្ឋ​ពាក់ព័ន្ធ​កិបកេង​ពន្ធ​ដោយ​អាច​ជាប់​ពន្ធនាគារ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង។ ករណី​នេះ លោក​ថា​វា​ក៏​ជា​ការ​សម្អាត​លាង​ប្រាក់​ដែរ ព្រោះ​ការ​គេច​ពន្ធ​វា​អាច​ប្រព្រឹត្ត​នូវ​អំពើ​លាង​ប្រាក់។

លោក គង់ វិបុល អំពាវនាវ​ដល់​ក្រុមហ៊ុន និង​សហគ្រាស​ឱ្យ​ប្រកាស​ពន្ធ​ដោយ​កុំ​ប្រើប្រាស់​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ពន្ធ​រដ្ឋ ដោយ​ថា​ការ​គេច​ពន្ធ​នេះ​មិន​គេច​ផុត​ពី​ច្បាប់​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​បញ្ជា​ទៅ​អាជ្ញាធរ​ទាំងអស់​ត្រូវ​រួម​គ្នា​គាំទ្រ​ចំពោះ​ការ​ប្រមូល​ពន្ធ ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

បើ​តាម​លោក ហ៊ុន សែន ជាង ២​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​ចាយវាយ​ប្រាក់ចំណូល​ច្រើន​ជាង​ស្ថាប័ន​ពាក់ព័ន្ធ​រក​បាន ស្រប​ពេល​ប្រាក់​ដែល​បាន​សន្សំ​ទុក​ជាច្រើន​ឆ្នាំ​មក​នោះ ក៏​ត្រូវ​បាន​ដក​ចំណាយ​កាន់តែ​ខើច​ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស