34 C
Phnom Penh

ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ និង​ហ្គាស៍ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង ខណៈ​ប្រេងសាំង​កំពុង​ឡើង​ថ្លៃ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពលរដ្ឋ​គួរតែ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​សាំង និង​ហ្គាស៍​ប្រចាំ​ថ្ងៃ។ លោក​ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន ហើយ​ប្ដូរ​មក​ជិះ​កង់ ឬ​ដើរ​ថ្មើរ​ជើង​វិញ។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន​ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង​វិញ។

លោក វន់ ពៅ ថ្លែង​ថា លោក​ចង់​ឱ្យ​រដ្ឋ​រៀបចំ​យន្តការ​គ្រប់គ្រង​តម្លៃ​ប្រេងសាំង​ឱ្យ​ល្អ និង​ធ្វើការ​បញ្ចុះ​ពន្ធ​ការ​នាំចូល​ប្រេងឥន្ធនៈ ហើយ​រដ្ឋាភិបាល​គួរតែ​ដំឡើង​ពន្ធ​លើ​ថ្លៃ​ស្រាបៀ ឬ​បារី ដើម្បី​យក​មក​ជួយ​ទប់ទល់​នឹង​តម្លៃ​ប្រេងសាំង​កើន​ឡើង​ជាបន្តបន្ទាប់​នេះ។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សាលាក្រុង​តែងតែ​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​រថយន្តក្រុង ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ និង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​ផ្សារភ្ជាប់​នឹង​តម្លៃ​សាំង​ឡើង​ថ្លៃ​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​កុំ​ឱ្យ​ពលរដ្ឋ​ជេរ​បន្ទោស​លោក​រឿង​សាំង​ឡើង​ថ្លៃ ពីព្រោះ​វា​ជា​បញ្ហា​សកល​បណ្ដាល​មកពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​បង្កើត​ជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​សកល។

ចំណែក​ឯ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ថា ការ​ហក់​ឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ​នា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ចំនួន ពិសេស​អ្នក​មាន​ចំណូល​ទាប ដូចជា​កម្មករ អាជីវករ កសិករ មន្ត្រី​រាជការ រួម​ទាំង​អ្នក​ប្រកប​មុខរបរ​មិន​រៀបរយ។

លោក រ៉ុង ឈុន បន្ត​ថា ការ​ដែល​នាយករដ្ឋមន្ត្រី​សំអាង​ការ​ហក់​ឡើង​ថ្លៃ​ប្រេង​ដោយសារ​បញ្ហា​សកល ជា​រឿង​សម​ហេតុផល​មួយ ប៉ុន្តែ​លោក​ថា​ការ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ វា​ជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​សាំង​ធម្មតា​លក់​រាយ​នៅ​កម្ពុជា មាន​តម្លៃ ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​សាំង​ស៊ូពែ​មាន​តម្លៃ​ជិត ៦០០០​រៀល​ក្នុង​មួយ​លីត្រ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស