30 C
Phnom Penh

បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាច្រើនលើក​ច្រើន​គ្រា។ ក្នុង​ដំណាក់កាល​នៃ​សម័យកាល​ដ៏​ជូរចត់​ទាំងនោះ កម្ពុជា​ក៏​ធ្លាប់​មាន​វីរបុរស ឥស្សរជន ឬ​សកម្មជន​ខ្លះ​សុខចិត្ត​លះបង់​សេចក្តី​សុខ ឬ​អាយុជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ជាតិ​របស់​ខ្លួន​ផង​ដែរ។

វីរជន​ទាំងនោះ​មាន​ដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជន​ទាំងនោះ​សុទ្ធតែ​មាន​ឱកាស​ដើម្បី​គេច​ខ្លួន​ស្វែងរក​កន្លែង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព ប៉ុន្តែ​តើ​ហេតុ​អ្វី​បាន​ជា​ពួកគាត់​មិន​ធ្វើ​ដូច្នោះ?

ជា​ធម្មតា គេ​តែងតែ​ឮ​នូវ​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា​អំពី​សារសំខាន់​នៃ​វត្តមាន​របស់​មេដឹកនាំ។ ទស្សនៈ​មួយ​ថា​ការ​មិន​រត់​ចោល​ទីលាន​ប្រយុទ្ធ​របស់​មេដឹកនាំ គឺជា​រឿង​សំខាន់ ប៉ុន្តែ​ទស្សនៈ​មួយ​ទៀត​មាន​ហេតុផល​ផ្សេង​ពី​នេះ ដោយ​អះអាង​ថា សុវត្ថិភាព​របស់​មេដឹកនាំ គឺជា​រឿង​សំខាន់។ ដូច្នេះ​ការ​ចាកចេញ​ពី​សមរភូមិ​របស់​មេដឹកនាំ គឺជា​រឿង​ចាំបាច់ ព្រោះ​ដើម្បី​សុវត្ថិភាព​របស់​មេដឹកនាំ​រូប​នោះ។

ប៉ុន្តែ​បើ​គេ​សិក្សា​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ចាត់ចែង​ការងារ (Management System) និង​ភាព​ជា​អ្នក​ដឹកនាំ (Leadership) វិញ រាល់​កិច្ចប្រតិបត្តិការ​ការងារ​នីមួយៗ គឺ​ត្រូវតែ​មាន​ការ​គ្រប់គ្រង​ចាត់ចែង​របៀប​ដឹកនាំ និង​ការ​សម្រេច​ចិត្ត។

បើ​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ទេ ក្រុម​ការងារ​មួយ​អាច​នឹង​មាន​ភាព​អនាធិបតេយ្យ គ្មាន​វិន័យ និង​គ្មាន​ការ​ទទួល​ខុសត្រូវ ដែល​អាច​នាំ​ឱ្យ​ការ​បំពេញ​ការងារ​ដោយ​គ្មាន​ប្រសិទ្ធភាព។ ដូច្នេះ គេ​ត្រូវតែ​មាន​អ្នក​គ្រប់គ្រង​ដើម្បី​រៀបរយ​ក្រុម​ការងារ​មួយ​ឱ្យ​មាន​វិន័យ សណ្ដាប់ធ្នាប់ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​មុខ​នាទី​របស់​ខ្លួន​ច្បាស់លាស់។ ស្រដៀង​គ្នា​នេះ​ដែរ ប្រសិនបើ​គ្មាន​អ្នក​ដឹកនាំ​ទេ ក្រុម​ការងារ​មួយ​អាច​នឹង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ដើម្បី​អ្វី ឬ​ត្រូវ​ធ្វើ​ដំណើរ​ពីណា​ទៅណា​នោះ​ទេ។

ដូច្នេះ ការ​មាន​មេដឹកនាំ​ច្បាស់លាស់ គឺ​សំខាន់​ណាស់​សម្រាប់​ក្រុម​ការងារ​មួយ ព្រោះ​មេដឹកនាំ គឺជា​អ្នក​ចង្អុល​បង្ហាញ​ទិសដៅ និង​ផ្តល់​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដល់​ក្រុម​ការងារ។ ដោយសារតែ​មុខ​នាទី​របស់​មេដឹកនាំ​មាន​សារសំខាន់​បែប​នេះ​ហើយ ទើប​វា​ជា​ការ​ចាំបាច់​ដែល​ក្រុម ឬ​យន្តការ​ការងារ​នីមួយៗ​ត្រូវការ​មាន​មេដឹកនាំ។ លើស​ពី​នេះ​ទៀត ដោយសារតែ​តួនាទី​របស់​មេដឹកនាំ​មាន​សារសំខាន់ ទើប​សមាជិក​ក្រុម​ការងារ​តែងតែ​ត្រូវការ​មេដឹកនាំ។

សេចក្តី​ត្រូវការ​មេដឹកនាំ​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​សមាជិក​ក្រុម​មាន​ទំនុក​ចិត្ត​លើ​មេដឹកនាំ​របស់​ខ្លួន។ ដូច្នេះ វត្តមាន​របស់​មេដឹកនាំ​នៅ​ជាប់​ជាមួយ​សមាជិក​ក្រុម ជាពិសេស​ក្នុង​គ្រា​លំបាក គឺជា​ការ​ផ្តល់​ភាព​កក់ក្តៅ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​សមាជិក​ក្រុម​ដ៏​ខ្លាំង​មហិមា។ ទោះ​ជា​ដូចនេះ​ក្តី សេចក្តី​ទុកចិត្ត​ផ្ញើ​វាសនា​លើ​មេដឹកនាំ ក៏​ត្រូវការ​ភាព​សុចរិត​ទៀងត្រង់ ស្មោះស្ម័គ្រ​ពី​មេដឹកនាំ​វិញ​ដែរ ទើប​មាន​សាមគ្គីភាព និង​ឯកភាព។

ចំណុច​នេះ​ប្រហែលជា​ការ​យល់ស្រប​វិញ​ពី​វីរជន​ជាច្រើន​ក្នុង​លោក​នេះ។ ជាក់ស្តែង​គេ​រមែង​តែងតែ​ឃើញ​មេដឹកនាំ​ល្បីៗ​បាន​ប្រកាន់​យក​ជំហរ​មិន​រត់​ចោល​សមរភូមិ ឬ​កូនចៅ បើ​ទោះបី​ត្រូវ​រង​ទុក្ខ​វេទនា​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​ការ​បាត់បង់​ជីវិត​ក្តី។

ក្នុង​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​យោធា​ភូមា បាន​យល់ព្រម​ផ្តល់​ឱកាស​ដល់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ជាប់​ឃុំ​នោះ ឱ្យ​មាន​សេរីភាព​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស ដើម្បី​ជួប​ស្វាមី​ជា​លើក​ចុងក្រោយ​ដែល​កំពុង​កើត​ជំងឺ​មហារីក​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ។ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​បដិសេធ​មិន​ទទួល​យក​ឱកាស​នោះ​ទេ ព្រោះ​ខ្លាច​រដ្ឋាភិបាល​យោធា​ភូមា​បិទ​ច្រក​មិន​ឱ្យ​គាត់​វិលត្រឡប់​មក​កាន់​មាតុភូមិ​វិញ ក្រោយពី​ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​របស់​គាត់​នោះ។

អ្នកស្រី អ៊ុងសាន ស៊ូជី

ទីបំផុត ប្តី​របស់​គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក។ បើ​គេ​ពិនិត្យ​មើល​ចំណុច​នេះ វា​មាន​ន័យ​ថា អ្នកស្រី ស៊ូជី យល់​ថា​វត្តមាន​របស់​លោកស្រី​ក្នុង​នាម​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ចាំបាច់​ត្រូវតែ​ស្ថិត​លើ​ទីលាន​ប្រយុទ្ធ​ជាមួយ​សហការី។ ដូច្នេះ​អ្នកស្រី​ជ្រើស​យក​ការ​មិន​ចាកចេញ​ពី​ប្រទេស​ជា​រឿង​សំខាន់​ជាង​ការ​ជួប​មុខ​ប្តី​នៅ​នាទី​ចុងក្រោយ​របស់​អ្នកស្រី។ នេះ​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ខ្លឹមសារ​នៃ​ប្រយោជន៍​រួម និង​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​នាម​ជា​មេដឹកនាំ។

កាលពី​ចុង​ខែ​កុម្ភៈ កន្លងទៅ ប្រទេស​មហាយក្ស​រុស្ស៊ី បាន​លើក​ទ័ព​វាយ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន។ ព្រឹត្តិការណ៍​នោះ គឺជា​រឿង​ភ្ញាក់ផ្អើល និង​បង្ក​ភាព​ក្តៅក្រហាយ​ចំពោះ​មេដឹកនាំ​ធំៗ និង​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​ចំពោះ​អំពើ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ភាព​ក្តៅក្រហាយ​នោះ គឺ​ដោយសារ​តែ​គេ​គ្រប់​គ្នា​យល់​ថា វា​ជា​រឿង​អយុត្តិធម៌​ហួសហេតុ​ដែល​រុស្ស៊ី ជា​ប្រទេស​ធំ និង​ជា​មហាអំណាច​យោធា បែរជា​មក​ឈ្លានពាន​ប្រទេស​តូច​ដូច​អ៊ុយក្រែន​នេះ ដោយ​គ្មាន​ហេតុផល​សោះ​តែម្តង។ ជាមួយ​នឹង​ភាព​ភ្ញាក់ផ្អើល និង​ការ​ក្តៅក្រហាយ​ទាំងនេះ គេ​ក៏​បារម្ភ​អំពី​សុវត្ថិភាព​នៃ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​អ៊ុយក្រែន ជាពិសេស​ប្រធានាធិបតី Volodymyr Zelenskiy និង​សមត្ថភាព​របស់​កងទ័ព​អ៊ុយក្រែន ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

នៅ​ពេល​រុស្ស៊ី​ចាប់ផ្តើម​សង្គ្រាម​ដោយ​បាញ់​គ្រាប់​មីស៊ីល និង​ការ​ទម្លាក់​គ្រាប់បែក​សន្ធប់​លើ​ទីតាំង​យោធា ព្រលាន​យន្តហោះ អគារ​រដ្ឋ ជាពិសេស​វិមាន​ប្រធានាធិបតី មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន Volodymyr Zelenskiy បាន​ចេញ​មុខ​ក្នុង​បណ្ដាញ​សារព័ត៌មាន​នានា​ថា “ខ្ញុំ​នៅ​ទីនេះ! រូប​ខ្ញុំ ភរិយា និង​កូនៗ​របស់​ខ្ញុំ មិន​ចាកចេញ​ទៅណា​ទេ គឺ​ក្រុម​គ្រួសារ​ខ្ញុំ​នៅ​ទីនេះ!”

លោក Volodymyr Zelenskiy បាន​បង្ហាញ​នូវ​ជំហរ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ គឺ​ការ​ឈរ​នៅ​នឹង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ជន​រួមជាតិ​របស់​លោក។ លោក​បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​ដាក់​ផែនការ​សម្លាប់​រូបលោក​ជា​អាទិភាព​ទី​១ និង​គ្រួសារ​របស់​លោក​ជា​អាទិភាព​ទី​២ តែ​លោក​ដាច់ខាត​មិន​រត់​ទៅ​ណា​ទេ ទោះបីជា​សម្ពន្ធមិត្ត​របស់​លោក​ចង់​ជម្លៀស​គាត់​ទៅ​រក​កន្លែង​សុវត្ថិភាព​ក្តី។

លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ប្រធានាធិបតី​អ៊ុយក្រែន។

ការ​ក្រាញ​ននៀល​របស់​គាត់​មិន​រត់​ចោល​សមរភូមិ​នេះ ប្រហែលជា​ឱសថ​ទិព្វ​ក្នុង​ការ​លើក​ទឹកចិត្ត​កងទ័ព និង​ប្រជាពលរដ្ឋ​អ៊ុយក្រែន ឱ្យ​ចូលរួម​ប្រយុទ្ធ​យ៉ាង​ប្តូរ​ផ្តាច់​ជាមួយ​កងទ័ព​រុស្ស៊ី និង​អាច​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​សង្គ្រាម​នេះ​ផង​ដែរ។

បន្ទាប់ពី​ការ​ថ្លែង​សារ​ជាបន្តបន្ទាប់​របស់​ប្រធានាធិបតី​រូប​នេះ​មក ប្រជាពលរដ្ឋ​អ៊ុយក្រែន​ទាំង​ប្រុស​ទាំង​ស្រី បាន​ស្ម័គ្រចិត្ត​កាន់​អាវុធ​ចូលរួម​ប្រយុទ្ធ។ អ្នក​ខ្លះ​បាន​បញ្ជូន​កូន​តូចៗ និង​គ្រួសារ​មក​ដល់​ព្រំដែន​ប្រទេស​ជិតខាង ហើយ​ខ្លួន​វិល​ត្រឡប់​ទៅ​កាន់​អាវុធ​វិញ។ រីឯ​អ្នក​ខ្លះ​ទៀត​ដែល​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋ​អាមេរិក កាណាដា ជាដើម ក៏​វិល​ត្រឡប់​ចូល​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​ដើម្បី​កាន់​អាវុធ​ប្រយុទ្ធ។

បើ​តាម​ការ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ លោក ពូទីន ប្រធានាធិបតី​ប្រទេស​រុស្ស៊ី គិត​ថា​គាត់​អាច​វាយ​គ្រប់គ្រង​អ៊ុយក្រែន​បាន​តែ​ក្នុង​រយៈពេល ៤៨​ម៉ោង​ប៉ុណ្ណោះ។ តាមរយៈ​សារព័ត៌មាន​ទាំងនោះ ក្រុម​អ្នកជំនាញ​ផ្សេងៗ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ​ចំពោះ​សមត្ថភាព​កងទ័ព​អ៊ុយក្រែន ដែល​បាន​ទប់ទល់​កងទ័ព​រុស្ស៊ី​រហូត​មកដល់​ពេលនេះ។

ដូច្នេះ ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ គឺ​ពិត​ជា​មាន​សារសំខាន់ និង​ចាំបាច់​បំផុត។ ភាព​សំខាន់ និង​ចាំបាច់​នោះ គឺ​ការ​ពង្រឹង​ទឹកចិត្ត​ដល់​អ្នកគាំទ្រ​តាមរយៈ​ភាព​ជា​គំរូ​នៃ​ការ​លះបង់​របស់​មេដឹកនាំ ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តាមរយៈ​ការ​សម្រេច​ចិត្ត​ទាន់​ពេលវេលា​លើ​ស្ថានភាព​ជាក់ស្តែង​ក្នុង​សមរភូមិ និង​ការ​រក្សា​នូវ​ភាព​ស្រប​ច្បាប់ អង់គ្លេស​ហៅថា legitimacy សម្រាប់​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស