ក្នុងសង្គមផ្ដាច់ការ មេដឹកនាំផ្ដាច់ការតាំងខ្លួនជាម្ចាស់អំណាច និងជាម្ចាស់សង្គមដែលខ្លួនកំពុងគ្រប់គ្រងនោះ។ ក្នុងសង្គមបែបនេះ ច្បាប់ និងយន្តការរដ្ឋទាំងអស់ គឺសម្រាប់បម្រើតែគោលបំណង និងផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ប៉ុន្តែបើទោះបីមានអំណាចដ៏មហិមាបែបនេះក្តី គេតែងតែឃើញមន្ត្រី ឬឈ្មួញទុច្ចរិតប្រព្រឹត្តអំពើទុច្ចរិត និងពុករលួយស្រេចតែចិត្ត និងពុំមានទោសពៃរ៍អ្វីឡើយ។
តើភាពគ្មានទោសពៃរ៍របស់ជនទុច្ចរិតទាំងនោះ គឺដោយសារតែពួកគេមានអំណាចខ្លាំង ឬយ៉ាងណា?
ជាធម្មតា មេដឹកនាំផ្ដាច់ការតែងគិតថាមានតែខ្លួនទេដែលខ្លាំង ដោយសារមានមន្ត្រីពុករលួយ ក្រុមជើងកាង និងមានមេទ័ពដៃដល់ជាច្រើននៅហែហមអមជុំវិញខ្លួន ហើយអ្នកទាំងនោះតែងស្តាប់បទបញ្ជាគ្រប់យ៉ាងតាមអ្វីដែលខ្លួនចង់ធ្វើ។
ក្នុងពេលមានអំណាច គេឃើញមនុស្សជុំវិញខ្លួនមេដឹកនាំផ្ដាច់ការទាំងនោះហាក់ដូចជាសសរទ្រូងដ៏រឹងមាំដែលកំពុងទ្រទ្រង់នូវអំណាចដ៏មហិមានោះ ប៉ុន្តែពេលអស់អំណាច ទើបមេដឹកនាំផ្ដាច់ការភាគច្រើនតែងដឹងខ្លួនថា មនុស្សដែលនៅជុំវិញខ្លួនទាំងនោះហើយដែលបានទាញខ្លួនឱ្យធ្លាក់នរកអវិចីទៅវិញ។
អតីតប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវ៉េ គឺលោក Robert Mugabe បានកាន់អំណាចពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ២០១៧។ ក្នុងពេលគ្រប់គ្រងអំណាច មេដឹកនាំផ្ដាច់ការរូបនេះបានចាត់ទុកខ្លួនឯងថាជាវីរបុរសរបស់ជាតិ ហើយមន្ត្រីតូចធំតែងគោរព និងកោតខ្លាចក្រៃលែង។ ពេលនោះគាត់ពិតជាមានអំនួត ហើយឈ្លក់វង្វេងនឹងអំណាចខ្លាំងណាស់។ មេដឹកនាំផ្ដាច់ការក្រាញអំណាចអស់រយៈពេល ៣០ឆ្នាំរូបនេះ បានតែងតាំងសមាជិកគ្រួសាររបស់លោកឲ្យកាន់តំណែងសំខាន់ក្នុងរបបដឹកនាំរបស់លោក ហើយថែមទាំងមានផែនការតែងតាំងប្រពន្ធរបស់ខ្លួនឲ្យស្នងតំណែងបន្តពីខ្លួនទៀតផង។

ទីបំផុត ពួកយោធា និងសមាជិកបក្សបានធ្វើរដ្ឋប្រហារទម្លាក់បុរសខ្លាំងរូបនេះពីតំណែងក្នុងឆ្នាំ២០១៧។ ក្រោយអស់អំណាច លោក Mugabe បាននិយាយថា “ខ្ញុំពិតជាមិនបានដឹងថា គេស្អប់ខ្ញុំដល់ម្ល៉ឹងសោះ!”។
ស្រដៀងគ្នានឹងលោក Mugabe នេះដែរ មេដឹកនាំផ្ដាច់ការជាច្រើនរូបទៀតសុទ្ធតែបានឆ្លងកាត់ភាពជូរចត់បែបនេះសម្រាប់លទ្ធផលនៃអំពើឃោរឃៅរបស់ខ្លួន។
មេដឹកនាំផ្ដាច់ការទាំងនោះរួមមាន៖
- អតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានធ្លាក់ចេញពីតំណែងក្នុងឆ្នាំ១៩៨៦
- អតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Suharto បានធ្លាក់ចេញពីតំណែងក្នុងឆ្នាំ១៩៩៨
- និងអតីតប្រធានាធិបតីលីប៊ី លោក Muammar Gaddafi បានធ្លាក់ចេញពីតំណែងក្នុងឆ្នាំ២០១១ រួមទាំងមេដឹកនាំផ្ដាច់ការជាច្រើនផ្សេងទៀត។
ការបាត់តំណែងរបស់មេដឹកនាំផ្ដាច់ការទាំងនេះ សុទ្ធតែបានកើតឡើងពីការទម្លាក់ដោយចលនាមហាជន និងការបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសគឺបណ្តាប្រទេសប្រជាធិបតេយ្យ។



ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ មេដឹកនាំផ្ដាច់ការមួយចំនួនក៏កំពុងឈ្លក់វង្វេងនឹងអំណាចរហូតលែងស្គាល់ការពិតអំពីខ្លួនឯង។ ជាក់ស្តែងដូចជាលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលជាប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន កំពុងតែគិតថាលោកជាអ្នកខ្លាំងអាចធ្វើអ្វីៗស្រេចតែនឹងចិត្ត។
ក្នុងប្រទេសរុស្ស៊ី លោក ពូទីន បានបង្ក្រាបក្រុមប្រឆាំង និងចាប់ដាក់គុកស្រេចតែចិត្ត។ សហគមន៍អន្តរជាតិព្យាយាមសម្របសម្រួលជាមួយលោក ដើម្បីដោះលែងមេដឹកនាំបក្សប្រឆាំង និងសកម្មជនដទៃទៀត ប៉ុន្តែទោះបីលោក ពូទីន ធ្វើមិនដឹងមិនឮ ហើយនៅតែបន្តអំណាចផ្ដាច់ការបង្ក្រាបក្រុមប្រឆាំងយ៉ាងណាក្តី ក៏សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសប្រជាធិបតេយ្យនៅតែសម្របសម្រួល និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសផ្នែកប្រេង និងឧស្ម័នជាមួយលោកដដែល។
កត្តានេះហើយដែលធ្វើឱ្យលោក ពូទីន កាន់តែមានជំនឿចិត្តក្នុងការប្រមូលផ្ដុំអំណាចក្នុងប្រទេស និងពង្រីកឥទ្ធិពលរុស្ស៊ីក្នុងឆាកអន្តរជាតិឡើងវិញ។ បណ្ដាញសារព័ត៌មានខ្លះបានលើកឡើងអំពីការបញ្ចើចបញ្ចើដោយមនុស្សជំនិតៗរបស់លោក ពូទីន ចំពោះជ័យជម្នះរបស់លោក ប៉ុន្តែពួកគេបិទបាំងវិបត្តិសង្គមដែលកំពុងតែកើតមានក្នុងប្រទេស។
ការបង្ហាញតែភាពជោគជ័យឥតឈប់ឈរនេះហើយ ដែលធ្វើឱ្យលោក ពូទីន កាន់តែមានមោទកភាពហួសកម្រិត។ កាលពីខែមេសា ក្នុងឆ្នាំកន្លងទៅ សារព័ត៌មាន BBC បានចុះផ្សាយនូវអត្ថបទមួយថា ការធ្វើអន្តរាគមន៍យោធាដើម្បីកាត់យកទឹកដី Crimea ពីប្រទេសអ៊ុយក្រែន ក្នុងខែមីនា ឆ្នាំ២០១៤ និងការកម្ចាត់ក្រុមអ្នកតស៊ូទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេស Syria ដែលនាំឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកសង្កេតការណ៍ទាំងឡាយ។

ប៉ុន្តែជាធម្មតា មូលហេតុដែលមនុស្សនៅជុំវិញជនផ្ដាច់ការចូលចិត្តលើកជើងមេដឹកនាំរបស់ខ្លួន ដោយសារជនផ្ដាច់ការរូបនោះចូលចិត្ត និងត្រេកត្រអាលនូវជីវិតបែបនេះ ហើយក៏មិនអនុញ្ញាតជនណាម្នាក់អាចនិយាយអំពីការពិតរបស់ខ្លួននោះឡើយ។ ជាងនេះទៅទៀត មេដឹកនាំផ្ដាច់ការផ្តល់តម្លៃឲ្យតែមនុស្សពូកែអែបអប និងកុហក ជាជាងមនុស្សដែលមានសមត្ថភាព និងហ៊ាននិយាយការពិត។
កាលពីដើមខែមីនា នេះ សារព័ត៌មានបរទេសជាច្រើនក៏បានចុះផ្សាយអំពីអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍រដ្ឋរបស់ប្រទេសរុស្ស៊ី បានស្រែកគំហកឲ្យទាហានជើងចាស់រុស្ស៊ីមួយរូបដែលបាននិយាយថា ទាហានរុស្ស៊ីជាច្រើនបានស្លាប់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ការគំហកនោះ គឺដើម្បីបិទបាំងការពិតប៉ុណ្ណោះ។
ចំណុចនេះក៏អាចបញ្ជាក់ថា តម្លៃរបស់ទាហានជើងចាស់មួយរូបដែលធ្លាប់ត្រៀមខ្លួនលះបង់ជីវិតដើម្បីជាតិ គឺមិនស្មើនឹងតម្លៃរបស់អ្នកពូកែលើកជើង ឬបំភ្លៃព័ត៌មានដូចជាអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍ម្នាក់នេះឡើយ។
ដោយសារទង្វើរបស់មនុស្សជុំវិញខ្លួនពូកែបិទបាំងព័ត៌មាន និងលើកជើងបែបនេះហើយ ទើបលោក ពូទីន មានអំនួតជ្រុល និងវាយតម្លៃស្ថានការណ៍សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនខុសរហូត។
សារព័ត៌មាន និងអ្នកវិភាគអន្តរជាតិនានាបានអះអាងថា លោក ពូទីន គិតថាប្រទេសរុស្ស៊ីអាចនឹងគ្រប់គ្រងប្រទេសអ៊ុយក្រែនបានទាំងស្រុង ដោយធ្វើការវាយប្រហារតែក្នុងរយៈពេលតែ ៤៨ម៉ោងប៉ុណ្ណោះ ប៉ុន្តែអ្វីៗសុទ្ធតែជាការប៉ាន់ស្មានខុសទាំងអស់។
រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន មានរយៈពេលជិត ៤០ថ្ងៃហើយ រុស្ស៊ីមិនត្រឹមតែមិនអាចគ្រប់គ្រងអ៊ុយក្រែនបានទេ តែថែមទាំងមានការខូចខាតយ៉ាងដំណំទៀតផង ដោយរួមទាំងការស្លាប់មេទ័ពកំពូលៗរហូតដល់ទៅ ៤នាក់ទៀតផង។ លើសពីនេះទៅទៀត លោក ពូទីន បានក្លាយជាមេដឹកនាំឯកោមួយរូបដែលមេដឹកនាំ និងពលរដ្ឋជុំវិញពិភពលោកថ្កោលទោស ប្រមាថតិះដៀល។
ប្រសិនបើសង្គ្រាមឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែននេះអូសបន្លាយយូរតទៅទៀត ឬក៏មិនអាចឈ្នះដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែនបាន ប្រទេសរុស្ស៊ីនឹងជួបផលវិបាកធ្ងន់ធ្ងរក្រោមឥទ្ធិពលនៃទណ្ឌកម្មរបស់សហគមន៍អន្តរជាតិផង និងការចំណាយដ៏សន្ធឹកសន្ធាប់លើសង្គ្រាមនេះផង។ ជាសក្ខីភាព សារព័ត៌មាននានាបានចុះផ្សាយថា លោក ពូទីន បានស្នើសុំឲ្យប្រទេសចិនជួយខ្លួន។ បើដូច្នោះមែន លោក ពូទីន អាចកំពុងប្រឈមនឹងបញ្ហាការខ្វះខាត ហើយអាចនឹងផុងខ្លួនកាន់តែជ្រៅថែមទៀត។
ដូច្នេះ បើគេពិនិត្យមើលឲ្យស៊ីជម្រៅនៃប្រវត្តិធ្លាក់ទឹករបស់មេដឹកនាំផ្ដាច់ការនានា គេអាចឃើញនូវមូលហេតុចម្បងមួយចំនួន គឺបណ្តាលមកពីអ្នកអែបអបពូកែលើកជើងនៅជុំវិញខ្លួននេះឯង។ ទាក់ទិននឹងចំណុចនេះ មានសំណួរមួយដែលគួរតែពិភាក្សា៖ តើមេដឹកនាំផ្ដាច់ការជាអ្នកខ្លាំង ឬមនុស្សជុំវិញខ្លួនជនផ្ដាច់ការទាំងនោះជាអ្នកខ្លាំង?
តាមពិត បើគេមើលលើស្ថានភាពជាក់ស្តែងដូចនៅក្នុងប្រទេសកម្ពុជាជាដើម គេឃើញមេដឹកនាំផ្ដាច់ការដូចជាលោក ហ៊ុន សែន គឺជាអ្នកខ្លាំងជាងគេមែន ព្រោះគ្មាននរណាហ៊ានតវ៉ា ឬជំទាស់នឹងសម្ដីរបស់លោកនោះឡើយ។ ថ្វីបើលោក ហ៊ុន សែន ជាមនុស្សមានអំណាចខ្លាំងមែន ប៉ុន្តែបើគ្មានមន្ត្រីបែបជើងកាងជុំវិញខ្លួនលោកជួយទប់អំណាចទេ ក៏លោក ហ៊ុន សែន មិនអាចឈរជើងនឹងដូចសព្វថ្ងៃនេះដែរ។

ដូចគ្នាទៅនឹងមេដឹកនាំផ្ដាច់ការដែលបានរៀបរាប់កន្លងមកនេះដែរ បើមន្ត្រីនៅក្បែរលោក ហ៊ុន សែន អាចជួយទប់ និងទ្រទ្រង់អំណាចរបស់លោកបាន ពួកគេក៏អាចធ្វើឲ្យលោក ហ៊ុន សែន ធ្លាក់ពីអំណាចក្នុងពេលណាមួយបានដូចគ្នាដែរ។ ដូច្នេះលោក ហ៊ុន សែន មិនមែនជាមនុស្សខ្លាំងពិតប្រាកដទេ ប៉ុន្តែអ្នកដែលនៅជុំវិញខ្លួនលោកទេ ទើបជាមនុស្សខ្លាំង។
ក្រៅពីចំណុចទាំងនេះ បើគេពិនិត្យមើលលើវិស័យពាណិជ្ជកម្មវិញ មេដឹកនាំផ្ដាច់ការដូចលោក ហ៊ុន សែន រឹតតែជាមនុស្សទន់ខ្សោយទៅទៀត ព្រោះលោកហាក់ដូចជាទំនិញមួយដែលក្រុមមន្ត្រីជំនិតៗរបស់លោកអាចទិញលោកក្នុងតម្លៃមួយដ៏ថោកបានយ៉ាងងាយស្រួល។
ជាក់ស្តែង ប្រសិនបើមន្ត្រីទុច្ចរិតទាំងនោះចង់ធ្វើ ឬចង់បានសិទ្ធិគ្រប់គ្រងអ្វីមួយដើម្បីបានប្រាក់ចំណូលចូលក្នុងហោប៉ៅនោះ ពួកគេអាចប្រើឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាតាមបំណង ដោយគ្រាន់តែត្រូវចំណាយលុយសូកប៉ាន់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អំពើសូកប៉ាន់ភាគច្រើន ត្រូវបានគេធ្វើឡើងតាមរយៈមន្ត្រីដែលនៅជុំវិញលោក ហ៊ុន សែន នេះតែម្តង។
ដូច្នេះមេដឹកនាំផ្ដាច់ការនានាដូចជាលោក ហ៊ុន សែន នេះ ពេលខ្លះហាក់ដូចជាទំនិញរបស់មនុស្សដែលនៅជុំវិញខ្លួនប៉ុណ្ណោះ ហើយសរុបសេចក្តីមក មេដឹកនាំផ្ដាច់ការមិនមែនជាមនុស្សខ្លាំងនោះទេ ប៉ុន្តែក្រុមមន្ត្រីដែលនៅជុំវិញខ្លួនជនផ្ដាច់ការនោះទេ ទើបជាអ្នកខ្លាំងពិតប្រាកដ៕