35 C
Phnom Penh

ក្រុម​អ្នក​សារព័ត៌មាន​ទាមទារ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ធ្វើការ​លើក​កម្ពស់​ផ្នែក​សារព័ត៌មាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​អ៊ីនធឺណិត​ជាតិ» ដើម្បី​បើក​លំហ​សេរីភាព​អ្នក​សារព័ត៌មាន បន្ទាប់ពី​រក​ឃើញ​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ចំនួន ៨២% បង្ហាញ​ថា​ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព។

ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា អ្នក​សារព័ត៌មាន ៨២% ដែល​បំពេញ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​អះអាង​ថា ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព ខណៈ​ចំនួន ៦០% ទៀត​ថា ពួកគេ​ខ្លាច​មាន​ការ​ប្ដឹងផ្ដល់ បើសិនជា​ពង្រាង​ច្បាប់​ស្ដីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ចូល​ជា​ធរមាន។

លោក​បន្ត​ថា ក្រុម​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិភាក្សា​ឡើងវិញ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត» ជាមួយ​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ធានា​អំពី​លំហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ បាន​ធ្វើ​ការ​ស្ទង់មតិ​តាម​បណ្ដាញ​សង្គម​ទៅលើ​អ្នក​សារព័ត៌មាន​ដែល​មាន​បទពិសោធន៍​ចន្លោះ​ពី ២​ឆ្នាំ​ទៅ ១០​ឆ្នាំ​មាន​ចំនួន ៦៧​នាក់ ក្នុង​នោះ​ស្ត្រី ២១% ដោយ​បាន​សម្ភាស​ផ្ទាល់​ជាមួយ​ពលរដ្ឋ​អ្នក​សារព័ត៌មាន សកម្មជន​បរិស្ថាន មន្ត្រី​សិទ្ធិមនុស្ស វិស័យ​ឯកជន និង​តំណាង​អ្នក​សារព័ត៌មាន​ចំនួន ១៥​ស្ថាប័ន​ទៀត។

លោក ហ៊ីម ខទៀត ឱ្យ​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​រួម​គ្នា​ជាមួយ​ស្ថាប័ន​ឯករាជ្យ​រយៈពេល​ជាង ២​ខែ​ចុងក្រោយ ដោយ​បាន​រក​ឃើញ​ថា វិស័យ​សារព័ត៌មាន​ជាង ៨០% បាន​ប្ដូរ​ទៅ​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ​វិញ ក្នុង​នោះ​ជាង ១៩% នៅ​បន្ត​ការងារ​តាម​បែប​បុរាណ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើង​ក្នុង​ពិធី​នោះ​ថា ក្រសួង​ព័ត៌មាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​គាំទ្រ ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​នានា​នៅ​កម្ពុជា​ផង។

តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា លោក សាដា អ៊ូម៉ា អាឡាំ ដែល​បាន​ចូលរួម​កម្មវិធី​នា​ថ្ងៃ​ទី​២ ឧសភា ថ្លែង​ថា បើសិនជា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត» ត្រូវ​បាន​អនុម័ត​នោះ អ្នក​សារព័ត៌មាន​នឹង​ប្រឈម​បញ្ហា​សុវត្ថិភាព សន្តិសុខ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។ លោក​បន្ត​ថា កាលណា​អ្នក​សារព័ត៌មាន​ជួប​បញ្ហា​ប្រឈម​ផ្នែក​សុវត្ថិភាព​នោះ ពលរដ្ឋ​នឹង​មិន​ទទួល​ព័ត៌មាន​គ្រប់គ្រង​ជ្រុងជ្រោយ​ឡើយ។ ដូច្នេះ លោក​ថា បច្ចុប្បន្ន​អង្គការ​យូណេស្កូ​បាន​និង​កំពុង​តាមដាន​បណ្ដឹង និង​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន ដើម្បី​ឱ្យ​ពួកគេ​ធ្វើការ​រាយការណ៍​ដោយ​គ្មាន​ការ​គំរាមកំហែង​ជាដើម។

ទីប្រឹក្សា និង​ប្រធាន​ការិយាល័យ​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ខាមីឡា អុតតូសុន ថ្លែង​ថា សារព័ត៌មាន​ឯករាជ្យ និង​ប្រជាធិបតេយ្យ​មិន​អាច​អត់​គ្នា​បាន​ឡើយ ដោយសារ​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ប្រឌិត ហើយ​ស្វែងរក​ការពិត ដោយ​ផ្សាយ​សំឡេង​ដល់​ពលរដ្ឋ។ អ្នកស្រី​ថា ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ ដោយ​ថា​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ឯករាជ្យ​រង​ការ​វាយប្រហារ​នោះ ពលរដ្ឋ​ក៏​ទទួល​រង​ការ​វាយប្រហារ​ដែរ ព្រោះ​ប្រជាពលរដ្ឋ​នឹង​បាត់បង់​សំឡេង។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ លោក ខៀវ កាញារីទ្ធ ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ឱ្យ​ខិតខំ​អនុវត្ត​សេរីភាព​សារព័ត៌មាន​ឱ្យ​មាន​ស្តង់ដារ​តែ​មួយ ដើម្បី​សុខុមាលភាព សេរីភាព សន្តិភាព និង​ដើម្បី​ជា​ជម្រើស​ប្រកប​ដោយ​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​គ្រប់​រូប។

យ៉ាងណាក៏ដោយ បន្ទាប់ពី​បិទ​បញ្ចប់ ក្រុម​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៣​ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច​ដែល​អ្នក​សារព័ត៌មាន​កំពុង​ជួប និង​បញ្ហា​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នា​ពេល​កន្លងមក។ ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ពិនិត្យ និង​ផ្ដល់​សុពលភាព​ប័ណ្ណ​ព័ត៌មាន​ឡើងវិញ​ដល់​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ដែល​ក្រសួង​បាន​ដក​ក្នុង​ឆ្នាំ​២០១៧ មក​ដល់​បច្ចុប្បន្ន ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​ចូលរួម​ក្នុង​សកម្មភាព​ផ្ដល់​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត។ ពួកគេ​ស្នើ​រដ្ឋាភិបាល​ពន្លឿន និង​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​ស្វែងរក​ការ​អនុម័ត និង​ពន្លឿន​ដំណើរការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​ព័ត៌មាន ដើម្បី​ជំរុញ​ការ​ទទួល​បាន​ព័ត៌មាន​បន្ត​ទៀត​សម្រាប់​អ្នក​សារព័ត៌មាន។

ជាមួយ​គ្នា​នោះ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ការ​ប្រឹក្សា​យោបល់​ទូលំទូលាយ​ពី​ដៃគូ​ពាក់ព័ន្ធ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សន្តិសុខ​ឌីជីថល និង​វិធានការ​គតិយុត្តិ​ផ្សេងៗ​ទៀត ដែល​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ជាដើម។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» វិញ ក្រោម​ហេតុផល​វិបត្តិ​កូវីដ-១៩។ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្អាក​ផែនការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត» ដោយ​អះអាង​ថា អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​សេរីភាព​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស