26 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។

លោក ឃុន ថារ៉ូ រិះគន់​ថា បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​របស់​អង្គការ​អន្តជាតិ ILO ស្ដីពី​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​ក៏ដោយ ក៏​ការ​អនុវត្ត​ជាក់ស្តែង​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​ច្បាប់​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​ទាំងស្រុង​ដែរ។ លោក​បន្ត​ថា ការ​អនុវត្ត​គោល​នយោបាយ​សិទ្ធិ​ការងារ​របស់​រដ្ឋាភិបាល តែងតែ​ការពារ​ផលប្រយោជន៍​របស់​ថៅកែ​ក្រុមហ៊ុន ជាជាង​ផលប្រយោជន៍​របស់​កម្មករ​និយោជិត។

ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​លើក​កម្ពស់​សិទ្ធិ​កម្មករ​និយោជិត​បែប​នេះ ស្រប​ពេល​ដែល​កម្មករ​និយោជិត​នៅ​កម្ពុជា​កំពុង​ត្រូវ​រង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែក​ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​នោះ​ទេ ខណៈ​មេដឹកនាំ​សហជីព​ដែល​ដឹកនាំ​តវ៉ា​ទាមទារ​យុត្តិធម៌​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ត្រូវ​បាន​ជាប់​បណ្តឹង​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​នៅ​ពេលនេះ។

លោក វន់ ពៅ រិះគន់​ថា សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​នៅ​កម្ពុជា​ត្រូវ​បាន​រឹតត្បិត​ទាំងស្រុង ព្រោះ​ថា​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​កម្មករ​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ កុំ​ថា​ឡើយ​ដល់​ទៅ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌ សូម្បីតែ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ក៏​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋ​ដែរ ជាក់ស្តែង​ដូចជា​ការ​បង្ក្រាប​ទៅលើ​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​នៅ​ពេលនេះ ជាដើម។

ច្បាប់​ស្ដីពី​ការងារ​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​តាំងពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​១៩៩៧ ដែល​មាន ១៩​ជំពូក និង ៩៦​មាត្រា ហើយ​ច្បាប់​នេះ​មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​ទិដ្ឋភាព​សំខាន់ៗ​ស្ដីពី​ការងារ​របស់​កម្មករ​និយោជិត​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ កិច្ចសន្យា កាតព្វកិច្ច​របស់​គូភាគី សេរីភាព​នៃ​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ និង​តំណាង​ដោយ​សហជីព ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ពី​ការ​រំលោភ​បំពាន។

ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​និយាយ​ថា ទោះបី​កម្ពុជា​មាន​ច្បាប់​ស្ដីពី​ការងារ​ដើម្បី​ការពារ​កម្មករ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក៏ដោយ ក៏​កម្មករ​និយោជិត​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋ​ដដែល។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ឲ្យ​ដឹង​ថា បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​មួយ​នេះ​បាន​រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដោយ​ការ​វាយដំ និង​ជេរ​ប្រមាថ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ បាន​ចោទ​ការ​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​យុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ថា គ្រាន់តែ​ជា​ផែនការ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​របស់​ពួកគេ​ប៉ុណ្ណោះ ខណៈ​ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​កម្មករ​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​រហូត​មក​ទល់​នឹង​ពេលនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស