29 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ជាង​១០០​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ទាំង​បង្ខំ ដើម្បី​បំបិទ​ការ​ទាមទារ​របស់​កូដករ​ទាំងនោះ​ក្នុង​ការ​រក​ដំណោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន ដែល​បាន​រំលោភ​សិទ្ធិ​របស់​ពួកគេ​នា​ពេល​កន្លងមក។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ភាគច្រើន​ជា​ស្ត្រី កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បន្ត​ធ្វើ​ការ​ជួបជុំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​ចំណុច​ច្រមុះជ្រូក សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្បែរ​នាគ​បាញ់​ទឹក ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង ៤​ខែ​កន្លះ​មក​នេះ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​មុខ​បង្ក្រាប ដោយ​ចាប់​ពួកគេ​ដាក់​ឡាន​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ ភ្លាមៗ។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ជា​ស្ត្រី​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​រាប់​សិប​នាក់​ចាប់​ក្របួច​ក ទាញ​ដៃ ធាក់​ពីក្រោយ និង​ប្រើ​សកម្មភាព​ប៉ះពាល់​លើ​រូបរាងកាយ​ជាច្រើន​ទៀត ជាដើម ដើម្បី​បង្ខំ​ឲ្យ​កូដករ​ទាំងនោះ​ឡើង​លើ​រថយន្តក្រុង ដែល​បង្ហាញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ភេទ ស្រប​ពេល​ដែល​កម្មករ​ទាំងនោះ​គឺជា​ជនរងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ បាត់បង់​ប្រាក់ចំណូល​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ពេលនេះ​ទៅ​ហើយ​នោះ។

ការ​បង្ក្រាប​លើ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ ធ្វើឡើង​បន្ទាប់ពី​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រំលោភ​សិទ្ធិ​ការងារ ដោយ​ការ​បញ្ឈប់​ទាំង​បង្ខំ​ដែល​បាន​បំពាន​លើ​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ១៤៦​ថ្ងៃ​ហើយ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ ដោយ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ពី​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ​ឡើយ ខណៈ​អាជ្ញាធរ​តែងតែ​បង្ក្រាប​លើ​កូដករ​ទាំងនោះ​រហូត​មក​នៅ​ពេល​ដែល​ពួកគេ​ជួបជុំ​ដើម្បី​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​សំណាក់​ក្រុមហ៊ុន​ម្តងៗ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ ឧសភា នេះ​ថា ជុំវិញ​បញ្ហា​នៃ​ការ​ទាមទារ​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​អូស​បន្លាយ​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្យាយាម​គេចវេះ​មិន​រក​ដំណោះស្រាយ​សមស្រប​តាម​ការ​ទាមទារ​របស់​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ​កន្លងមក។

លោក ស៊ឹង សែនករុណា អះអាង​ថា បើ​ទោះបីជា​កន្លងមក​មាន​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​ក្តី ប៉ុន្តែ​ដំណោះស្រាយ​ដែល​ខាង​ភាគី​ថៅកែ​ក្រុមហ៊ុន​ផ្តល់​ឲ្យ​ខាង​កម្មករ​និយោជិត គឺជា​លក្ខខណ្ឌ​ដែល​មិន​អាច​ទទួល​យក​បាន ខណៈ​ក្រសួង​ការងារ​ក៏​មិន​បាន​ចេញ​វិធានការ​ច្បាប់​ណា​មួយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ ដែល​ក្រុម​កូដករ​ចង់​បាន​នោះ​ដែរ។

លោក ស៊ឹង សែនករុណា គូស​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​រក​ដំណោះស្រាយ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​ទាន់​ពេល​ទេ​នោះ ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប នឹង​បន្ត​ធ្លាក់​មក​លើ​កម្ពុជា​ថែម​ទៀត​ជាមិនខាន ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏​សហគមន៍​អឺរ៉ុប​ព្រមាន​ដក​ទាំងអស់ និង​ប្រព័ន្ធ GSP របស់​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ដែរ​នោះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់​បាន​ចោទ​ជា​សំណួរ​ទៅកាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា តើ​គួរ​ដល់​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ហើយ​ឬ​នៅ បើ​បញ្ហា​នៅតែ​បន្ត​ជាប់​គាំង​គ្មាន​ដំណោះស្រាយ​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បាន​ផ្តល់​សំណង​ទៅ​តាម​ច្បាប់​ការងារ​នោះ​ឡើយ រហូត​បណ្តាល​ឲ្យ​មាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ គេ​នៅតែ​មិន​ទាន់​ឃើញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​លើ​ករណី​នេះ​នៅឡើយ​ទេ ខណៈ​ការ​បង្ក្រាប​លើ​កូដករ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ចេះតែ​បន្ត​ឥត​ឈប់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស