នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកទទួលបានភាពស្របច្បាប់។
ការបន្តស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News របស់វៀតណាម ឱ្យដឹងថា ក្នុងជំនួបទ្វេភាគី លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអរគុណរដ្ឋាភិបាលកម្ពុជា និងសុំឱ្យរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើសហគមន៍វៀតណាមនៅកម្ពុជា រួមទាំងសុំឱ្យបង្កើតលក្ខខណ្ឌដល់ពួកគេ ដើម្បីឱ្យពួកគេអាចពង្រឹងភាពស្របច្បាប់ និងរក្សាលំនឹងជីវភាពរបស់ពួកគេនៅកម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលវៀតណាមបន្តសុំឱ្យលោក ហ៊ុន សែន ជួយដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅកម្ពុជាដោយខុសច្បាប់នោះ។

បើតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ ឱ្យដឹងថា ជនបរទេសអន្តោប្រវេសន៍ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៃយុទ្ធនាការជំរឿនស្ថិតិនោះ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីមានចំនួនជិត ៣ម៉ឺនគ្រួសារ (២៨៩៤៥គ្រួសារ) ស្មើនឹងចំនួនជិត ១សែននាក់ (៨៩៧៨៦នាក់)។
លោកបន្តថា ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក្រសួងមហាផ្ទៃបានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ ១៨ឆ្នាំឡើងចំនួនជាង ៦ម៉ឺននាក់ (៦៥១៦៨នាក់)។ ជាមួយគ្នានោះ ក្រសួងបានផ្ដល់ប័ណ្ណបន្តសុពលភាពដែលមានរយៈពេល ២ឆ្នាំម្ដង សរុបជិត ២ម៉ឺនប័ណ្ណ (១៩៥៦១ប័ណ្ណ)។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានជម្លៀសជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹកតាមដងទន្លេ ក្នុងខណ្ឌជ្រោយចង្វារ ឱ្យទៅរស់នៅខណ្ឌព្រែកព្នៅ វិញ។ ប៉ុន្តែអំឡុងពេលជម្លៀសនោះ ក៏មានពលរដ្ឋវៀតណាមខ្លះបាននាំគ្នាឡើងលើគោក ហើយនាំគ្នាទិញដី ទិញផ្ទះសម្រាប់រស់នៅក្នុងរាជធានីភ្នំពេញតែម្តង ដោយមានអាជ្ញាធរខ្មែរជួយសម្រួល ខណៈអ្នកខ្លះបន្តរស់នៅលើផ្ទះបណ្តែតទឹកបន្តទៀត។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើងថា អាជ្ញាធរវៀតណាមមិនព្រមទទួលយកជនអន្តោប្រវេសន៍វៀតណាមដែលរឹងរូស និងជនជាតិវៀតណាមដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញឡើយ ដែលករណីនេះជាបញ្ហាប្រឈមសម្រាប់កម្ពុជា។
លោក ប៉ោ ភក្តិ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ដើម្បីធានាអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការបណ្ដោយឲ្យវៀតណាមបំពានកម្ពុជាតាមចិត្តនេះ ក៏អាចជាយុទ្ធសាស្ត្របន្តបម្រើវៀតណាមរបស់លោក ហ៊ុន សែន បន្តទៅលោក ហ៊ុន ម៉ាណែត ដែរ ដើម្បីពឹងពាក់វៀតណាមឲ្យជួយគាំទ្រផែនការផ្ទេរអំណាចរបស់ខ្លួន ព្រោះថាផែនការផ្ទេរអំណាចនេះអាចមានផ្លូវជោគជ័យទៅបាន លុះត្រាតែមានវៀតណាមជាអ្នកគាំទ្រ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះនៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះ៕