32 C
Phnom Penh

លោក កឹម សុខា ថា​តែង​លើក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​រាល់​ជំនួប​ជាមួយ​ទូត​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​បញ្ចេញ​សារ​បី​ថ្ងៃ​ជាប់​គ្នា​តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ថា​រាល់​ជំនួប​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​តំណាង​រដ្ឋ​បរទេស គឺ​លោក​តែងតែ​លើកឡើង​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ។

លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​រយៈពេល​ជាង​ពីរ​ម៉ោង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​អាស៊ី​មួយ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​អាមេរិក និង​តំណាង​ប្រទេស​មហាអំណាច​អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ លោក កឹម សុខា អះអាង​ថា ក្នុង​ជំនួប​ទាំងនោះ​លោក​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​រវាង​តំណាង​អង្គទូត​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា និង​បង្ហាញ​ពី​គោលជំហរ​លើ​បញ្ហា​ជាច្រើន​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​ក្នុង​អតីតកាល បច្ចុប្បន្នភាព និង​ទៅ​អនាគត នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​នៅ​កម្ពុជា។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ធ្វើឡើង​ស្រប​ពេល​ដែល​សេរីភាព​របស់​លោក​កំពុងតែ​ត្រូវ​បាន​រឹតត្បិត​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មិន​ឱ្យ​ចូល​ក្នុង​ឆាក​នយោបាយ ខណៈ​មហាអំណាច​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប កំពុងតែ​បារម្ភ​ពី​សេរីភាព​របស់​លោក​យ៉ាង​ខ្លាំង។

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy R. Sherman។ អ្នកស្រី​បាន​លើកឡើង​នូវ​ក្តី​កង្វល់​សំខាន់ៗ​មួយ​ចំនួន ដូចជា ការ​ព្រួយ​បារម្ភ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដំណើរការ​ក្ដី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តុលាការ​កម្ពុជា​បាន​ចោទ​ភ្ជាប់​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំរឿង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រយៈពេល​ជាង ៤​ឆ្នាំ​កន្លងមក​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ឧសភា ថា តុលាការ​ចោទប្រកាន់​តែ​ទៅលើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ លោក កឹម សុខា ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» ប៉ុន្តែ​មិន​បាន​ចោទប្រកាន់​រដ្ឋ​បរទេស​ណា​មួយ​ក្នុង​សំណុំរឿង​នេះ​នោះ​ទេ។

ដោយឡែក​អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ បាន​លើកឡើង​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ រដ្ឋាភិបាល​ខ្មែរ​គួរតែ​ចាត់​វិធានការ​ជាបន្ទាន់​ក្នុង​ការ​បើក​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា និង​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន ជាពិសេស​កម្ពុជា​គួរតែ​ផ្តល់​ដំណោះស្រាយ​ជាបន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស